តារា​សម្តែង​ខេ​ត ប្លា​ន់​ឆេ​ត គាំទ្រ​យុទ្ធនា​ការបញ្ចប់​ទុក្ខលំបាក​របស់​ប្រជាជន​១០​លាន​នាក់​ដែល​គ្មាន​រដ្ឋ​

148
ចែករម្លែក

​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា តារាភាពយន្ត​នាង ខេ​ត ប្លា​ន់​ឆេ​ត (Cate Blanchett) បានប្រកាស​គាំទ្រ​យុទ្ធនាការ​ជាស​កល​មួយ​ដើម្បី​បញ្ចប់​ទុក្ខលំបាក​របស់​ប្រជាជន​ប្រមាណ ១០ លាន​នាក់​ដែល​មិនមាន​សញ្ជាតិ រួមទាំង​មនុស្ស​ជិត​កន្លះ​លាន​នាក់​នៅក្នុង​ប្រទេស​ថៃ ចំពេល​មានការ​ព្រមាន​អំពី​ការ​ស្អប់​ជនបរទេស​ដែល​កំពុងមាន​ចំនួន​កើនឡើង នឹង​រារាំង​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ថ្ងៃ​ផុតកំណត់​ឆ្នាំ ២០២៤ សម្រាប់​ការលុបបំបាត់​ភាព​គ្មាន​រដ្ឋ​។​

​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​ទ្វេដង​រូបនេះ​នឹង​ថ្លែង​នៅឯ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​នានា​ឱ្យ​បង្កើន​វឌ្ឍនភាព​នៅក្នុង​យុទ្ធនាការ​ដែលមាន​ឈ្មោះថា “#Ibelong”​។​

​ការចូលរួម​របស់​នា​ង​ប្លា​ន់​ឆេ​ត​នឹង​ជួយ​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​មនុស្ស​ដែល​គេ​មើលមិនឃើញ​ភាគច្រើនបំផុត​នៅលើ​ពិភពលោក​។​

​ដោយ​គ្មាន​ការទទួលស្គាល់​ថា​ជា​ជនជាតិ​នៃ​ប្រទេស​ណាមួយ ប្រជាជន​ដែល​គ្មាន​ប្រទេស​ភាគច្រើន​ត្រូវបាន​គេ​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​ដូចជា​ការអប់រំ​និង​ការថែទាំ​សុខភាព​និង​ប្រឈម​ការកេងប្រវ័ញ្ច​និង​ការឃុំខ្លួន​។​

​នាង​ប្លា​ន់​ឆេ​ត​នឹង​សម្ភាសន៍​លោក​ម៉ា​ហា ម៉ា​ម៉ូ អតីត​សកម្មជន​គ្មាន​រដ្ឋ​ម្នាក់ ដែល​បាន​ក្លាយជា​អ្នក​កាន់​ភ្លើង​គុប​សម្រាប់​យុទ្ធនាការ #Ibelong​។ ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR) ថ្មីៗ​នេះ​នាង​ប្លា​ន់​ឆេ​ត​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ដើម្បី​ជួប​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​គ្មាន​ប្រទេស​ដែល​បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា និង​បាន​ជួប​គ្រួសារ​ស៊ី​រី​ដែល​ផ្លាស់​ទីលំនៅ​នៅ​មជ្ឈិមបូព៌ា​។​

​នៅពេលដែល​ប្រមុខ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស បានចាប់ផ្តើម​គំនិត​ផ្តួចផ្តើម #Ibelong ក្នុង​ឆ្នាំ ២០១៤ ក្នុងអំឡុងពេល​គាត់​នៅ​ជា​ប្រមុខ​អង្គការ UNHCR គាត់​បាន​ពណ៌នា​អំពី​ភាព​គ្មាន​ប្រទេស​ថា​ជា “​មហារីក​” ដែល​ត្រូវតែមាន​ការយកចិត្តទុកដាក់​។​

​ប៉ុន្តែ​ភារកិច្ច​នៅខាងមុខ​គឺ​មហិមា​ណាស់​។ មានតែ​ប្រជាជន​ប្រមាណ ២០០.០០០ នាក់​ប៉ុណ្ណោះ​ដែល​ទទួលបាន​សញ្ជាតិ​ក្នុងអំឡុង​ពេលវេលា​ពាក់កណ្តាល​ដំបូង​នៃ​យុទ្ធនាការ​នេះ ដែលជា​ចំនួន​មួយ​តិចតួច​បំផុត​នៅឡើយ​៕ ដោយ៖ កញ្ញាដាលីស

នាង ខេ​ត ប្លា​ន់​ឆេ​ត