តារា​សម្តែង​ចិន លោក​អែល​វី​ស ស៊ុយ លាង​អង្ករ​ជាមួយ​សាប៊ូ​លាងដៃ ធ្វើឱ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង

376
ចែករម្លែក

​តារា​សម្តែង​ចិន លោក​អែល​វី​ស ស៊ុយ ប្រហែលជា​មិនមែន​ចុងភៅ​ធ្វើ​ម្ហូប​ទេ ប៉ុន្តែ​គាត់​យកចិត្តទុកដាក់​លើ​អនាម័យ​ចំណីអាហារ​ខ្លាំងណាស់​។​

​តារា​វ័យ ៥៨ ឆ្នាំ​រូបនេះ​ធ្វើឱ្យ​ទស្សនិកជន​កប់យោបល់ នៅពេល​គាត់​បង្ហាញ​វិធី​លាង​អង្ករ​ខុស​តម្រា​របស់គាត់​នៅក្នុង​វគ្គ​ថ្មី​នៃ​កម្មវិធី​ទូរទស្សន៍​មួយ​ហៅថា When I Grow Up (​ពេល​ខ្ញុំ​ធំ​ឡើង​)​។​

​គ្រឿងផ្សំ​សម្ងាត់​របស់គាត់​ដើម្បី​ធ្វើឱ្យ​អង្ករ​ស្អាត​ខ្លាំង​គឺ សាប៊ូ​លាងដៃ​។​

​លោក​អែល​វី​សបាន​ស្ម័គ្រចិត្ត​លាង​អង្ករ​នៅក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី កន្លែង​ដែល​ក្រុម​តារា​សម្តែង​ផ្សេងទៀត​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ចម្អិន​អាហារ​។​

​ដំបូង​រាង​ស្ទាក់ស្ទើរ គាត់​ក៏​ច្របាច់​ដប​សាប៊ូ​លាងដៃ​ចូលក្នុង​ឆ្នាំងបាយ​រួមជាមួយ​ទឹក​ខ្លះ​។​

​ដោយមាន​អារម្មណ៍​មិន​ប្រាកដ​អំពី​ខ្លួនឯង​បន្ទាប់ពី​បង្ហូរទឹក​ចេញពី​ឆ្នាំងបាយ លោក​អែល​វី​សបាន​យក​ដប​សាប៊ូ​លាងដៃ​ទៅ​សួរ​កូនប្រុស​របស់គាត់​ក្នុង​ទឹកមុខ​អឹមអៀន​ថា “​តើ​ប៉ា​មិនអាច​ប្រើ​វា​ដើម្បី​លាង​អង្ករ​បានទេ មែន​ទេ​?”​។​

​កូនប្រុស​របស់គាត់​ឈ្មោះ ហ្វី​ហ្គោ ស៊ុយ ភ្ញាក់​ព្រឺ​ត រួច​សួរ​ឪពុក​គាត់​ថា “​ប៉ា​ឯង​និយាយ​លេង​ឬ​មែន​?”​។

​លោក​វូ យូ​ឈី​ង កូនប្រុស​របស់​តារា​សម្តែង​វូ កាង មិនអាច​ទប់​សំណើច​ជាប់​ទេ ខណៈ​គាត់​ប្រាប់​ទៅ​លោក​អែល​វី​ស​ថា “​ទេ ពូ​មិន​អាចធ្វើ​ចឹ​ង​បានទេ​។ លាង​ត្រឹមតែ​ជាមួយ​ទឹកបាន​ហើយ​”​។

​ងាក​មុខ​មករក​កាមេរ៉ា ហ្វី​ហ្គោ​និយាយ​ចម្អក​ឪពុក​ខ្លួនឯង​ថា “​សាប៊ូ​លាងដៃ​អាច​ប្រើ​ដើម្បី​លាង​អង្ករ​ទៀត​។ ថ្ងៃនេះ​ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​ឮដូច្នេះ​”​។

​អ្នកគាំទ្រ​លោក​អែល​វី​ស​ឃើញ​ដូច្នេះ​បាន​ចូល​បញ្ចេញមតិ​ដុត​គាត់​ឈឺៗ​នៅលើ​បណ្តាញ​សង្គម Weibo៕ ដោយ៖ កញ្ញាដាលីស