តារា​សម្តែង​ជើងចាស់ អ្នកស្រី ពៅ ថា​វី ទទួលបាន​ការដូ​ធំ​ចម្ការ​ប័​រ ១​ហិកតា

544
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្ដែង​ជើងចាស់​អ្នកស្រី ពៅ ថា​វី ដែល​អ្នកសិល្បៈ​និយម​ហៅ​ឈ្មោះថា យាយ​ពៅៗ ស្រាប់តែ​ទទួលបាន​លាភ​ធំ កាលពី​រាត្រី​ថ្ងៃ ពុធ ទី​២៧ កុម្ភៈ ដោយ​ទទួលបាន​ដីចំការ​ប័​រ មួយ​ហិកតា ពី​ក្រុមហ៊ុន ដែលមាន​តំលៃ​ខ្ទង់​ម៉ឺន​ដុល្លារ​។ លាភ​សំណាង មិន​នឹកស្មាន​ដល់​នេះ គឺ​ខណៈពេលដែល អ្នកស្រី​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​កម្មវិធី​សម្ពោធ​ដីចំការ ដំណាំ​ដូងក្រអូប នៅ ឌឺ​ព្រេ​មៀ សេន​ធឺ​សែន​សុខ (The Primier Center Sensok) ក្រោម​វត្តមាន តារា​ស្រី​ប្រុស ជាច្រើន​ដួង​។

​អ្នកស្រី ពៅ ថា​វី បាន​ថ្លែង​ក្នុងពេល​ទទួល​រង្វាន់​ថា អ្នកស្រី​មិន​នឹកស្មានថា ខ្លួន​មានសំណាង បានឈ្នះ​រង្វាន់​ធំ ដោយ​ឈ្នះ​ចម្ការ​ប័​រ​មួយ​ហិកតា ដែលមាន​តម្លៃ​ច្រើន ម៉ឺន​ដុល្លារ​នោះទេ ខណៈដែល​អ្នកស្រី មក​ចូលរួម​នៅក្នុង​ពិធី​នោះ គឺ​គ្រាន់តែ​មក​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស និង​មិនបាន ទិញដូរ​ចម្ការ របស់​ក្រុមហ៊ុន ទាល់តែសោះ​។ អ្នកស្រី​បាន​និយាយថា រំភើប​ចង់​ហោះ ដោយសារតែ​អ្នកស្រី វ័យ​កាន់តែ​ចាស់​ហើយ សម្ដែង​ក៏​ចាប់ផ្ដើម​ធ្លាក់ចុះ​ទីផ្សារ ប៉ុន្តែ​សម្រាប់ ផ្ទះសម្បែង គឺ​អ្នកស្រី​នៅ​ជួល​ផ្ទះ​គេ​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​បន្តថា មួយជីវិត​មិនដែល​ចាប់បាន រង្វាន់​អ្វី សូម្បីតែ​តូចតាច​នោះទេ ទើប​អ្នកស្រី យល់ថា ការ​ឈ្នះ​រង្វាន់​ដី​មួយ​ហិកតា​ដោយមាន ទាំង​ដំណាំ​ប័​រ ពេញ​ចម្ការ​ផង នឹង​ធ្វើឱ្យ​អ្នកស្រី មាន​កម្លាំង​ក្នុង​ជីវិត ជាពិសេស​ក្នុងពេលដែល​វ័យ កាន់តែ​ចាស់ នាពេលនេះ​។

ចំណែក លោក ហង្ស ព្រី​ន្ស​យ៉ា ម្ចាស់​គម្រោង និង​ជា​ប្រធាន​គម្រោង​ឈ្មោះ​ឋាន​ព្រះឥន្ទ បាន​អះអាងថា រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​ក្រុមហ៊ុន​របស់លោក សម្ងំ​ទិញ​បាន​ចម្ការ បាន​រហូតដល់ រាប់ពាន់​ហិកតា នៅ​ខេត្ត​មណ្ឌល​គី​រី រតនៈគីរី កំពត និង ពោធិ៍សាត់​ជាដើម ហើយ​បាន​វិនិយោគ​ដាំ ជា​ដំណាំ​ផ្សេងៗ អាស្រ័យ​ទៅតាម​សណ្ឋាន​ដី​។ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន យល់ថា បើ​ក្រុមហ៊ុន​បន្ត​វិនិយោគ ដំណាំ​ទុរេន ដូងក្រអូប និង​ប័​រ តែម្នាក់ឯង​របៀបនេះ គឺ​នៅ​ថ្ងៃ​ណាមួយ ពិត​ជាមាន​ហានិភ័យ អីចឹង​ហើយ ទើប​ក្រុមហ៊ុន​សម្រេច​ពុះ​ដីចម្ការ ដែល​ខ្លួន ទិញ​បាន​រហូតដល់ រាប់ពាន់​ហិកតា​នោះ ជា​ឡូ​តិ៍​តូចៗ​វិញ ដោយ​ក្នុង​មួយ​ឡូ​តិ៍ មាន​ទំហំ ១ ហិកតាៗ ហើយ​លក់​បង់​រំ​លោះ​ដើម្បី​ឱ្យមាន​ការចូលរួម​វិនិយោគ ដើម្បី​បន្ថយ​បន្ទុក របស់​ក្រុមហ៊ុន​។

​លោក​បាន​បន្តថា ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​បន្ត​ផ្ដល់ជូន​នូវ​ពូជ​ដំណាំ និង​ការថែទាំ​ដោយ​បុគ្គលិក​ជំនាញ រហូតដល់ ៤ ឆ្នាំ ឬ ៦​ឆ្នាំ ដែលជា​រយៈពេល ឱ្យ​បង់​រំ​លោះ​នោះ ដើម្បីឱ្យ​ចម្ការ​ទាំងឡាយ នៅតែមាន​ដំណាំ​ចេញ​ផ្លែ​ចេញ​ផ្កា ងាយស្រួល​ឱ្យ​ក្រុមហ៊ុន ទទួល​ទិញ​ផល​។ ​

​លោក​បាន​បន្តថា គម្រោង​ដីចម្ការ​ពុះ​ឡូ​តិ៍​របស់ខ្លួន មានតម្លៃ​ពី ១៤.០០០ រហូតដល់​ជាង ៤ ម៉ឺន ក្នុង​មួយ​ហិកតា ដោយនៅ​ទឹកដី​ខេត្ត​មណ្ឌល​គី​រី គឺជា​ចម្ការ​ប័​រ នៅ​កំពត​ជា​ចម្ការ​ទុរេន និង​នៅ ខេត្តពោធិ៍សាត់ គឺជា​ចម្ការ​ដូងក្រអូប​។ ក្នុងនោះ​ក្រុមហ៊ុន ក៏​នឹង​ពុះ​លកក់​ចម្ការ​ក្រូច និង​ចម្ការ​ឫស្សី ជា​ហិកតាៗ ឱ្យ​បង់​រំ​លោះ​បែបនេះ ក្នុងពេល​ខាងមុខ​ផងដែរ​។
​ ​
ដោយឡែក សម្រាប់​រង្វាន់​ដី​មួយ​ហិកតា ដែល​តារា​សម្ដែង​ជើងចាស់ អ្នកស្រី ពៅ ថា​វី បានឈ្នះ លោក​បាន​អះអាងថា មិនមែនជា​ដី​ទទេរ​នោះទេ គឺជា​ដី​មាន​ដំណាំ​ប័​រ មួយ​ចម្ការ នៅ​ខេត្ត​មណ្ឌល​គី​រី ហើយ​បើទោះជា​លោក ផ្ដល់ជូន​ប្លង់​កម្មសិទ្ធិ ជូន​អ្នកស្រី ដោយ​មិនឱ្យ​អ្នកស្រី ចំណាយ​សូម្បី មួយ​សេន​ក្ដី ក៏​លោក​នឹងមាន​ក្រុមបច្ចេកទេស ផ្ដល់​ពូជ និង​មើលថែ​ដំណាំ​ប័​រ ជូន​អ្នកស្រី​ពេញ រយៈពេល ៤ ឆ្នាំ ដូចគ្នា​នឹង​អតិថិជន​បង់​រំ​លោះ​ដែរ​។

លោក​បាន​បន្តទៀតថា អ្នកទិញ​នេះ នឹង​ចំណេញ ៤ យ៉ាង​គឺ ទី​បាន​ចម្ការ ដោយ​មិន​ខ្វល់​ពី​ការ មើលថែ ទី​២ ដី​ងាយ​ឡើងថ្លៃ ទី​៣ បាន​ដី​ជា​ប្រភេទ​ធ្វើ​ទេសចរណ៍​បាន និង​ទី​៤ គឺ​បានទ្រព្យ តកូនតចៅ​។ អីចឹង​ហើយ ទើប​គ្រាន់តែ​លោក​ប្រកាស​គម្រោង​នេះ​ភ្លាម កាលពី​ឆ្នាំ​២០១៨ គឺ​លោក​លក់​អស់​រាប់ពាន់​ហិកតា ដោយ​គម្រោង​ដែល​ទើប​ប្រកាស​ក្ដៅៗ កាលពី​យប់​ថ្ងៃទី​២៧ កុម្ភៈ គឺជា​គម្រោង​ទី​៧​ហើយ​៕ ដោយ​: បញ្ញា​សាស្ត្រ​