តារា​សម្តែង​នាង អា​មី ស្គូ​មឺ និង នាង​អេ​មី​លី រ៉ា​តា​ចូល​ស្គី ស្ថិតក្នុង​ចំណោម​អ្នក​តវ៉ា ៣០២ នាក់ ដែល​ប៉ូលិស​ចាប់ខ្លួន​នៅ​ព្រឹទ្ធសភា​អាមេរិក

1015
ចែករម្លែក

​តារា​ល្បីៗ​បាន​ចូលរួម​ជាមួយ​ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​ផ្សេងទៀត ដែល​កំពុង​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ចុងក្រោយ​ដើម្បី​រារាំង​ការតែងតាំង​លោក ប្រេត កា​វ៉ា​ណូ (Brett Kavanaugh) នៅក្នុង​តុលាការ​ជាន់ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​តុលា ខណៈដែល​ជោគវាសនា​របស់លោក​កំពុងមាន​ភាពស្រពិចស្រពិល ហើយនឹង​ត្រូវ​សម្រេច​ដោយ​ព្រឹទ្ធសមាជិក​៤​រូប​ផ្សេងទៀត​។​

​ការស្រែក​អបអរសាទរ​និង​ការស្រែក​តវ៉ា​របស់​ក្រុមអ្នកតវ៉ា​អាច​ស្តាប់ឮ​នៅលើ​កាំជណ្ដើរ​នៃ​អគារ​សភា​កា​ពី​តូ​ល​ចេញពី​ហ្វូងមនុស្ស​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​តុលាការ​កំពូល​ដែល​ស្ថិតនៅ​ឆ្លងផ្លូវ​នៅ​ទល់មុខ​អគារ​កា​ពី​តូ​ល ហើយ​ពួកគេ​ថែមទាំង​បាន​ចូលទៅក្នុង​អគារ Hart Building ទៀតផង ដែលជា​ការិយាល័យរ​ណ​ប​មួយ​របស់​ព្រឹទ្ធសភា​។​

​ស្រប​ពេលដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​កំពុង​ជំរុញឱ្យមាន​ការបោះឆ្នោត​នីតិវិធី​ដ៏​សំខាន់​ខណៈដែល​ព្រឹទ្ធសមាជិក​ជាច្រើនរូប​បានឃើញ​ជា​លើកដំបូង​នូវ​ឯកសារ​ប្រវត្តិរូប​ថ្មី​របស់ FBI តារា​កំប្លែង នាង អា​មី ស្គូ​មឺ និង​តារា​បង្ហាញ​ម៉ូត នាង អេ​មី​លី រ៉ា​តា​ចូល​ស្គី បាន​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​។​

​មនុស្ស​រាប់រយ​នាក់​បាន​ចូលទៅក្នុង​អាគារ​ការិយាល័យ Hart របស់​ព្រឹទ្ធសភា កន្លែង​ដែល​សមាជិក​ព្រឹទ្ធសភា​និង​បុគ្គលិក​មិនអាច​ទប់​ជាប់​នឹង​សំឡេង​រំខាន​បានឡើយ និង​ឃើញ​ក្រុមមនុស្ស​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ជាន់​ផ្ទាល់​ដី​។ ប៉ូលិស​របស់​វិមាន​កា​ពី​តូ​ល​បាន​ចាប់ខ្លួន​មនុស្ស ៣០២ នាក់​រួមទាំង​តារា​ទាំង​២​។​

​ការតវ៉ា​នេះ​គឺ​ផ្តោតទៅលើ​ការបោះឆ្នោត​សម្រេចសេចក្តី​ដ៏​សំខាន់ (Swing Vote) ទៅលើ​បេក្ខជន​ដូចជា : លោក​ជេ​ហ្វ ផ្លេក របស់​គណបក្ស​សាធារណៈរដ្ឋ (​រដ្ឋ​អា​រី​ហ្សូ​ណា​), លោកស្រី​ស៊ូ​សាន ខូលីន (​រដ្ឋ​មេន​) និង លោកស្រី លីហ្សា មួ​កូវ​ស្គី (​រដ្ឋ​អា​ឡា​ស្កា​) និង​បេក្ខជន​របស់​បក្ស​ប្រជាធិបតេយ្យ លោក ចូ មែន​ស៊ីន (​រដ្ឋ​វេស​វើ​ជី​នៀ​)​។ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានចាប់ផ្តើម​ជាមួយនឹង​ការបោះឆ្នោត​សម្រេចសេចក្តី​បន្ថែម​មួយទៀត​ទៅលើ​លោកស្រី ហី​ឌី ហេ​ត​ខាំ របស់​បក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​លោកស្រី​បានប្រកាសថា​លោកស្រី​នឹង​បោះឆ្នោត “​បដិសេធ​” ដោយ​កាត់បន្ថយ​ចំនួន​ព្រឹទ្ធសមាជិក​ដែល​មិនទាន់​សម្រេច​ច្បាស់លាស់​នៅសល់​ត្រឹម ៤ រូប​។​

​ខណៈដែល​មនុស្ស​រាប់រ​យ​នាក់​ត្រូវបាន​ចាប់ខ្លួន​នាំយកទៅ​ឆ្ងាយ​ហើយ​សន្តិសុខ​ត្រូវបាន​ពង្រឹង​នោះ តារា​បង្ហាញ​ម៉ូត​រ៉ា​តា​ចូល​ស្គី និង​តារា​កំប្លែង​នាង​ស្គូ​មឺ ដែល​បងប្អូន​ជីដូនមួយ​របស់​នាង​ជា​មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាធិបតេយ្យ​លោក ឆាក់ ស្គូ​មឺ គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​ប៉ូលិស​ចាប់ខ្លួន​។​

​នាង​រ៉ា​តា​ចូល​ស្គី​បានសរសេរថា “​ថ្ងៃនេះ​ខ្ញុំ​ត្រូវបាន​គេ​ចាប់ខ្លួន​ពេល​កំពុង​តវ៉ា​ប្រឆាំងនឹង​ការតែងតាំង​លោក ប្រេត កា​វ៉ា​ណូ នៅ​តុលាការ​កំពូល ព្រោះ​គាត់​ជា​បុរស​ដែល​ត្រូវបាន​ចោទប្រកាន់​ជាច្រើន​ករណី​ដោយ​ស្ត្រី​ជាច្រើនរូប​ពីបទ​រំលោភ​ផ្លូវភេទ​” ។ នាង រ៉ា​តា​ចូល​ស្គី និង នាង​ស្គូ​មឺ​បាន​ក្លាយជា​មិត្តភក្តិ​នឹង​គ្នា នៅពេលដែល​អ្នក​ទាំង​២​បានបង្ហាញ​ខ្លួន​រួមគ្នា​នៅក្នុង​ខ្សែភាពយន្ត I Feel Pretty៕ ដោយ៖ កញ្ញាដាលីស

នាង រ៉ា​តា​ចូល​ស្គី និង នាង​ស្គូ​មឺ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍