តារា​សម្តែង​ល្បីៗ​នៅ​កម្ពុជា​ រួមគ្នា​ផ្សព្វផ្សាយ​អំពី​សមភាព​យ៉េន​ឌ័​រ​ក្នុង​ទិវា​សិទ្ធិនារី​ នៅ​ថ្ងៃ​៨​មីនា​

746
ចែករម្លែក
  • 14
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​ ភ្នំពេញ​៖ វេទិកា​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នឹង​រៀបចំឡើង​នៅ​ល្ងាច​ថ្ងៃទី​៨ ខែមីនា​នេះ​ នៅ​អគារ​ភ្នំពេញ Factory ។ សិល្បករ សិល្បការិ​នី​ល្បីៗ​ជាច្រើនរូប​នឹង​រួមគ្នា​រៀបចំ​កម្មវិធី​ដ៏​ពិសេស​អស្ចារ្យ ដែលមានឈ្មោះថា “​តន្ត្រី​អបអរ​ទិវា​សិទ្ធិនារី​ឆ្នាំ​២០១៩”​។ សិល្បការិនី​ទាំងអស់នោះ​មានដូចជា កញ្ញា មាស សុខ​សោភា​, កញ្ញា សុខ ពិសី​, កញ្ញា ឡ​រ៉ា ម៉ម​,​កញ្ញា​អេ​ដា​, ក្រុម Smallworld Smallband, ក្រុម​រាំ OMG Girls Dance Crew, ក្រុម​សិល្បករ New Cambodian Artists, ព្រមទាំង​ពិធីការនី ឌី​ចេ ណា​ណា​។​

​កញ្ញា ឡ​រ៉ា ម៉ម ដែលជា​តារាចម្រៀង និង​ជានា​យក​ប្រតិបត្តិ​នៃ​ផលិតកម្ម​បារមី បាន​និយាយថា “​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​។ វា​គឺជា​ការ​ប្រារព្ធ​ដើម្បី​បង្ហាញ​អំពី​កម្លាំង និង​អំណាច​របស់ស្ត្រី​។​

​ព្រឹត្តិការណ៍​នេះ នឹង​រួមបញ្ចូល​ទីផ្សារ​ដ៏​ធំ​មួយ​ដែលមាន​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ជាង​៤០ ក្នុងនោះដែរ​ជាង​ពាក់កណ្តាលកាន់កាប់​ដោយ​ស្ត្រី​ខ្មែរ​។ កម្មវិធី​នេះ ក៏មាន​ការសម្តែង​សិល្បៈ ការតាំង​ពិព័រណ៍​សិល្បៈ សកម្មភាព​គ្រួសារ អាហារ និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដោយ​ចាប់ផ្តើមពី​ម៉ោង​៤​រសៀល​តទៅ​។​​ចំណែក​ការប្រគំ​តន្ត្រី​ចាប់ផ្តើម​ពី​ម៉ោង​៦​ល្ងាច​ដោយ​ចាប់ផ្តើម​ជាមួយនឹង​ចម្រៀង​សម័យបុរាណ​ដ៏​ល្បីល្បាញ​របស់​រៀមច្បង​គឺ​លោកស្រី រស់ សេរី​សុទ្ធា និង​លោកស្រី ប៉ែន រ៉​ន ការសម្តែង​ក្បាច់រាំ​របស់ NCA and OMG Girls Dance Crew និង​ក្រុម Vartey Ganiva band, កញ្ញា អេ​ដា​, កញ្ញា សុខ ពិសី​, កញ្ញា ឡ​រ៉ា ម៉ម ដោយមាន​រួមបញ្ចូល​ក្រុម​អូន និង​ក្មេង​ខ្មែរ​, ក្រុម Smallworld Smallband, កញ្ញា មាស សុខ​សោភា និង​ការបិទ​បញ្ចប់​កម្មវិធី​ដោយ ឌី​ចេ រ៉ូ​ស​។​

​តេង សុផាន់​ណា ប្រធាន​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​ស្មា​ត​និយាយថា “​ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​ឃើញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​អាច​ឲ្យ​យើង​ផ្លាស់ប្តូរ​ការគិត​ដែល​ស្ត្រី​មិនអាចទៅ​ឆ្ងាយ​បាន​។ ព្រឹត្តិការណ៍​នេះ​នឹង​បង្កើត​ផលប៉ះពាល់​ជា​វិជ្ជមាន​សម្រាប់​ស្ត្រី​នៅក្នុង​សង្គម​។ ជឿជាក់​លើ​ខ្លួន​អ្នក​។​”

​ចំណែក​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​នៅ​កម្ពុជា មានប្រសាសន៍ថា​“​ការប្រគំ​តន្ត្រី​នេះ គឺជា​ចក្ខុវិស័យ​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​ធានាថា​សិទ្ធិ និង​សំឡេង​របស់​ស្ត្រី និង​យុវតី​នៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់ ពេញលេញ​។​យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ​២០១៩ ជាមួយ​ក្រុម​ស្ត្រី​អ្នកដឹកនាំ​វ័យក្មេង​។​”

​ព្រឹត្តិការណ៍​ការប្រគំ​តន្ត្រី​អបអរ​ទិវា​សិទ្ធិនារី រៀបចំ​ដោយ​ផលិតកម្ម​បារមី និង The Sound Initiative សហការ​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​។ ម្ចាស់ជំនួយ​សប្បុរស​នា​នា​សម្រាប់​ព្រឹត្តិការណ៍ ប្រគំ​តន្ត្រី​នេះ រួមមាន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNDP, OHCHR, WFP, UNFPA, UNAIDS), ក្រុមហ៊ុន Vivo ក្រុមហ៊ុន Mekong Homes កិច្ចសហប្រតិបត្តិការ​ណ៍ និង​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ស្វី​ស ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​អូស្ត្រាលី និង​ក្រុមហ៊ុន​តូយ៉ូតា​៕Ha

​រូប​: សិល្បការិនី កញ្ញា មាស សុខ​សោភា​, កញ្ញា សុខ ពិសី​, កញ្ញា ឡ​រ៉ា ម៉ម​,​កញ្ញា​អេ​ដា​, ក្រុម Smallworld Smallband, ក្រុម​រាំ OMG Girls Dance Crew, ក្រុម​សិល្បករ New Cambodian Artists, ព្រមទាំង​ពិធីការនី ឌី​ចេ ណា​ណា​