តារា​សម្តែង​ហុងកុង​នាង សឺ​លី យឿ​ង បញ្ជាក់​អំពី​ការ​មានគភ៌ បន្ទាប់ពី​រៀបការ​ស្ងាត់ៗ

260
ចែករម្លែក

តារា​សម្តែង​ហុងកុង នាង សឺ​លី យឿ​ង (Shirley Yeung) ម្ចាស់​ជ័យលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ ២០០១ បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ (១៣ តុលា​) ថា​នាង​មាន​ផ្ទៃពោះ​ជាមួយ​កូន​ទី​២​របស់​នាង បន្ទាប់ពី​មានការ​សង្ស័យ​ក្នុង​សារព័ត៌មាន​មុននេះ​អំពី​ពោះ​រាង​ធំ​របស់​នាង​។​

​តារា​សម្តែង​អាយុ ៤១ ឆ្នាំ ដែល​ល្បី​ក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍ TVB ដូចជា​រឿង Angels Of Mission (២០០៤) និង​រឿង The Brink Of Law (២០០៧) គឺជា​ស្ត្រី​មេម៉ាយ ដែលមាន​កូនស្រី​អាយុ ៧ ឆ្នាំ​ម្នាក់​។​

​យោងតាម​សារព័ត៌មាន Ming Pao Daily News បានឱ្យដឹងថា នាង​បានដឹងថា​នាង​មាន​ផ្ទៃពោះ នៅពេល​នាង​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាលពី​ខែសីហា​។​

​កាលពី​ខែ​មុន​នាង​ត្រូវបាន​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ប្រទះឃើញ​ពោះ​រាង​ធំ​ជាង​មុន ខណៈ​កំពុង​ថត​កម្មវិធី​ទូរទស្សន៍​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ កាលពី​ដើមខែ​នេះ​នាង​ត្រូវគេ​ឃើញ​ចូលរួម​ក្នុង​សកម្មភាព​ថត​ពាណិជ្ជក​ម្ម​មួយ​នៅក្នុង​ប្រទេស​ចិន​ដោយ​ពាក់អាវ​រលុង និង​មាន​ក្បាលពោះ​កាន់តែ​ធំ​ជាង​មុន​។​

​នាង​យឿ​ង ដែល​តែងតែ​សង្កត់ធ្ងន់ថា​នាង​ជា​ស្ត្រី​មេម៉ាយ បាន​ប្រាប់​សារព័ត៌មាន​ហុងកុង​ថា នាង​និង​មិត្ត​ប្រុស​ទើបតែ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​នៅក្រៅ​ទីក្រុង​ហុងកុង​កាលពី​ពាក់កណ្តាល​ឆ្នាំនេះ​។​

​នាង​បន្តថា​នាង​មិនបាន​រក្សា​ការសម្ងាត់​អាពាហ៍ពិពាហ៍​ដោយ​ចេតនា​នោះទេ តែ​មិនបាន​មើលឃើញ​ពី​ភាពចាំបាច់​ក្នុងការ​ប្រកាស​វា​ទេ ព្រោះថា​ស្វាមី​របស់​នាង​មិនមែន​មកពី​ឧស្សាហកម្ម​កម្សាន្ត​នោះទេ​។​

​នាង​យឿ​ង ដែល​គេ​រាយការណ៍​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ពាណិជ្ជករ​រៀបការ​រួច​ឈ្មោះ ភី​ត​ធឺ កូ (Peter Ko) កាលពី ៤ ឆ្នាំមុន បាន​បដិសេធថា​ប្តី​របស់​នាង​មិនមែនជា​លោក​កូ​ទេ ហើយ​បដិសេធ​លាតត្រដាង​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី​ប្តី​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង​ហុងកុង នាង សឺ​លី យឿ​ង