តារា​សម្តែង​អាយុ ៨០ លោក ម៉ូ​ហ្គា​ន ហ្វ្រ៊ី​ម៉ាន់ សុំទោស បន្ទាប់ពី​មានការ​អះអាង​អំពី​ការយាយី​ផ្លូវភេទ

957
ចែករម្លែក

​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​អាយុ​ខ្ទង់ ៨០ ឆ្នាំ លោក ម៉ូ​ហ្គា​ន ហ្វ្រ៊ី​ម៉ាន់ (Morgan Freeman) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ឧសភា​បាន​សុំទោស បន្ទាប់ពី​មានការ​រាយការណ៍​ជាច្រើន​និយាយ​អំពី​ការចោទប្រកាន់​អំពី​ការយាយី​ផ្លូវភេទ​ជាច្រើន​ករណី ដោយ​ធ្វើឱ្យ​តារា​សម្តែង​លេចធ្លោ​រូបនេះ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​ការប្រព្រឹត្ត​មិន​សមរម្យ នៅក្នុង​យុគសម័យ​យុទ្ធនាការ #MeToo​។​

​មនុស្ស ១៦ នាក់ ដែល​៨​នាក់​ក្នុងចំណោម​នោះ​និយាយថា​ពួកគេ​ជា​ជនរងគ្រោះ​នោះ បាន​រៀបរាប់​ប្រាប់ CNN នូវ​អាកប្បកិរិយា​ពោរពេញ​ដោយ​បញ្ហា​របស់លោក​ហ្វ្រ៊ី​ម៉ាន់ នៅ​កន្លែង​ថតកុន ឬ អំឡុង​ដំណើរ​ផ្សព្វផ្សាយ​ភាពយន្ត​។​

​ការដួលរលំ​របស់​កំ​ពូ​ល​មហាសេដ្ឋី​ហូលីវូដ លោក ហា​វី វេន​ស្តិ​ន កាលពី​ខែតុលា​បានធ្វើឱ្យ​អាមេរិក​គិតគូរ​ពិចារណា​ឡើងវិញ​អំពី​ការរំលោភបំពាន​ផ្លូវភេទ​និង​ការយាយី​ផ្លូវភេទ ដែល​នាំទៅដល់​ការ​ដួល​រំលំ​បុរសៗ​មានអំណាច​ជាច្រើនរូប​ក្នុង​វិស័យ​ផ្សេងៗ រួមទាំង វិស័យ​កម្សាន្ត នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​តារា​សម្តែង ដែល​នឹង​ឈានចូល​អាយុ ៨១ ឆ្នាំ​នៅ​សប្តាហ៍​ក្រោយនេះ បាន​ចេញមុខ​សុំទោស​ភ្លាមៗ បន្ទាប់ពី​បណ្តាញ​ទូរទស្សន៍ CNN ចេញផ្សាយ​របាយការណ៍​របស់ខ្លួន​។​

​លោក​ហ្វ្រ៊ី​ម៉ាន់ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អ្នក​ដែល​ស្គាល់​ខ្ញុំ​ឬ​បានធ្វើការ​ជាមួយ​ខ្ញុំ ដឹងថា​ខ្ញុំ​មិនមែនជា​អ្នក​ដែល​បំពាន​គេ​ដោយ​ចេតនា​ឬ​ធ្វើឱ្យ​នរណាម្នាក់​មាន​អារម្មណ៍​មិន​ស្រួល​នោះឡើយ​។ ខ្ញុំ​សុំទោស​អ្នក​ដែលមាន​អារម្មណ៍​មិន​ស្រួល​ឬ​រង​ការបំពាន​។ នោះ​មិនមែនជា​ចេតនា​របស់ខ្ញុំ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ូ​ហ្គា​ន ហ្វ្រ៊ី​ម៉ាន់