តារា​សម្តែង​អ្នកនាង អម្ពរ ទេវី រំភើប​រហូត​ស្រក់​ទឹកភ្នែក​ពេលមកដល់​កម្ពុជា

261

(​ភ្នំពេញ)​៖ ដូច​ការគ្រោងទុក​តារា​សម្តែង​អ្នកនាង អម្ពរ ទេវី បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មករា ២០១៨ ។ វត្តមាន​របស់​តារា​សម្តែង​ស្រី​ឆ្នើម រូបនេះ បាន​បង្ក​ឲ្យ​មាន​ភាព កកស្ទះ និង​អ៊ូអរ​ពេញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

​ក្នុងពេល​តារា​សម្តែង​មកដល់​គេ​ឃើញ​មាន​ផលិតករ និង​អ្នកគាំទ្រ​មក​ទទួល​ដល់ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​យ៉ាងច្រើន​កុះករ​។ នេះ​សរ​បញ្ជាក់ថា តារា​សម្តែង អ្នកនាង​អម្ពរ ទេវី នៅតែ​អាច​ឆក់យក បេះដូង​ទស្សនិកជន និង​សន្ទុះ​គាំទ្រ​កាន់​ខ្លាំង ថ្វីត្បិតតែ​អ្នកនាង មាន​វ័យ​ចំណាស់​បន្តិច​ក៏ដោយ ប៉ុន្តែ សម្រស់​របស់​អ្នកនាង អម្ពរ ទេវី នៅតែ​ស្រស់ស្អាត ។​សម្រស់​បែប​ធម្មជាតិរ​បស់​អ្នកនាង​មិន​ថមថយ រួមទាំង​កាយវិកា​នៅរស់​រវ៉ើក បានធ្វើ​ឲ្យ​ទីផ្សារ​សិល្បៈ របស់​អ្នកនាង​កម្រើក​ឡើងវិញ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។

​និយាយ​ដោយ​ភាព សប្បាយរីករាយ លាយឡំ នឹង​ទឹកភ្នែក​ផង អ្នកនាង អម្ពរ ទេវី បញ្ជាក់ថា ”​ខ្ញុំ​ពិត​រក​ពាក្យ​អ្វី និយាយ​ទៅកាន់ បងប្អូន​ទេ នាពេលនេះ​។ ទោះជា​ខ្ញុំ បាត់​មុខ​ច្រើន​ឆ្នាំ ហើយ​ទើប​មក កម្ពុជា ជាថ្មីទៀត តែ​បងប្អូន នៅតែ​គាំទ្រ ខ្ញុំ​ខ្លាំង​។ ទឹកចិត្ត​នេះ ខ្ញុំ​មិនដឹង​តប ស្នង​សងគុណ បែបណា​ទេ​”​។​

​អ្នកនាង​មិនបាន​បញ្ជាក់ថា រយៈពេល​នៃ ការសម្ដែង មាន​រយៈពេល​យូរ​ប៉ុណ្ណា​ទេ ទាំង​ការ​ស្នាក់នៅ​ក្នុងប្រទេស កម្ពុជា រួម​នឹង​តម្លៃ​ខ្លួន ដែល​ត្រូវ​ថត សម្រាប់​ខ្សែ​ភាព យន្ត​ភាគ​មួយ​នេះ អ្នកនាង​សុំ មិន​ធ្វើ​អត្ថ​ធិ​ប្បាយ​នោះទេ​។ អ្នកនាង​អះអាងថា ការ​នៅតែ​ស្រលាញ់ ចូលចិត្ត​វិស័យ ភាពយន្ត​ខ្មែរ រួម​នឹង​ទឹកចិត្ត គាំទ្រ​របស់​បងប្អូន​ខ្មែរ គឺ​កម្លាំងចិត្ត មួយ​ដ៏​សំខាន់ ធ្វើឱ្យ​អ្នកស្រី វិល​មក កម្ពុជា​ជាថ្មី ទៀត​ដូច្នេះ​។​

វិល​មក​ទឹកដី​កំណើត​លើក​នេះ ម្ដងទៀត​របស់​អ្នកនាង អម្ពរ​ទេវី រយៈពេល ពីរ ខែ គឺ​ក្នុង​គោលបំណង​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ផលិតកម្ម​រីដ ភិ​ច​ឆ័​រ​( Red Picture) រឿង “​ឆន្ទា​” ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ ស៊ី​ធី​អិន​(CTN )​និង​ផលិតកម្ម​អិ​ល​ឌី​( LD) រឿង “​កាកី​” គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ ភី​អិន​អិន​(PNN) ។​

​អ្នកនាង អម្ពរ​ទេវី បាន​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ រឿង​ឲ្យ​អ្នកស្រី ពាន់ ភួង​បុប្ផា កាលពីពេល​កន្លងទៅ​។ ការបង្ហាញ​វត្តមាន​លើក​ទី​២​នេះ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​៕ ដោយ​: បញ្ញា​សាស្ត្រ​

​តារា​សម្តែង អ្នកនាង អម្ពរ ទេវី ពេល​ផ្តល់​សម្ភាសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។
​តារា​សម្តែង អ្នកនាង អម្ពរ ទេវី ពេល​ផ្តល់​សម្ភាសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។