គូស្នេហ៍ជាតារាសម្តែង លោក ចូ ជុងស៊ុគ និង តារាចម្រៀង នាង ហ្គាំមី នឹងរៀបការជាមួយគ្នានៅរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ។
លោកចូបានប្រកាសពីដំណឹងដ៏រីករាយនេះនៅលើវេបសាយអ្នកគាំទ្ររបស់គាត់ដោយសរសេរថា “ប្រហែលជាខ្ញុំឈរនៅបន្ទាត់ថ្មីនៃជីវិតរបស់ខ្ញុំឬនៅផ្លូវបំបែកមួយដែលខ្ញុំអាចធំធាត់ឡើងក្លាយជាតារាសម្តែង។ ខ្ញុំមានអារម្មណ៍រំភើបផងភ័យផង ព្រោះខ្ញុំនឹងត្រូវដើរលើផ្លូវនោះជាមួយមនុស្សម្នាក់”។
លោកចូបន្តថា “ខណៈកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយ ដែលជាហេតុផលខ្ញុំមិនអាចប្រាប់បានកាលពីមុន ឥឡូវខ្ញុំនឹងរៀបការនៅឆ្នាំនេះហើយ។ ខ្ញុំសម្រេចចិត្តរៀបការជាមួយនាងព្រោះនាងបានជួយគាំទ្រខ្ញុំអស់រយៈពេល ៥ ឆ្នាំមកហើយ ហើយនាង ធ្វើឱ្យខ្ញុំចង់ក្លាយជាមនុស្សល្អប្រសើរមួយរូប។ ខ្ញុំដឹងថាវាជាការរំខានណាស់ ប៉ុន្តែខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាលើកទឹកចិត្តនិងជូនពរជ័យដល់ខ្ញុំផង”។
ផលិតកម្ម C-Jes Entertainment ដែលជាទីភ្នាក់ងាររបស់នាងហ្គាំមី កាលពីថ្ងៃសុក្រទី២២មិថុនាបានបញ្ជាក់ថា គូស្នេហ៍ទាំង២នឹងរៀបការនៅពេលណាមួយនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។
តារាសម្តែងនិងតារាចម្រៀងស្រីរូបនេះបានណាត់ទាក់ទងគ្នាតាំងពីឆ្នាំ ២០១៣។ ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញជាសាធារណៈនៅឆ្នាំ ២០១៥។
លោកចូ ដែលជាតួសម្តែងនិងតារាចម្រៀងដ៏សកម្ម បានក្លាយជាតារាល្បីលេចធ្លោពេលដើរតួជាមួយតួកំប្លុកកំប្លែងនៅក្នុងខ្សែភាពយន្តល្បី “Architecture 101” ខណៈដែលនាងហ្គាំមី គឺជាតារាចម្រៀងទោលដ៏ល្បីមួយរូប ដែលចេញបទចម្រៀងដំបូងជាមួយអាល់ប៊ុមឈ្មោះ “Like Them” ៕ ដោយ៖ កញ្ញាដាលីស