តារា​សម្តែង ណា​ណៃ ខំប្រឹង​ថត​ផង លក់​អីវ៉ាន់​ផង សន្សំ​លុយ បែរជា​ចោរ​គាស់​ផ្ទះ លួច​អស់រលីង​

520
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា ណា​ណៃ ដែលជា​នារី​ខំធ្វើការ​ងារ ដើម្បី​ចិញ្ចឹម​ម្តាយ​ខំ​ថត ទាំង​ថ្ងៃ ទាំងយប់ ហើយ​មកដល់​ផ្ទះខំ​លក់​អីវ៉ាន់​ចាប់ហួយ​ទៀត​គ្រាន់តែ​ចង់​សន្សំ​លុយ ឱ្យបាន​ច្រើន​ប៉ុណ្ណោះ ទុក​ថ្ងៃក្រោយ បែរជា​ត្រូវ​ក្រុមចោរគាស់​ផ្ទះ លួច​យកលុយ គ្រឿងអលង្ការ និង​អីវ៉ាន់​អស់រលីង​។​

តារា​រាង​តូច​ច្រឡឹង​រូបនេះ បាន​រៀប​រាប់ទាំង​ក្រៀមក្រំ ប្រាប់​ដល់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ ឱ្យដឹងកាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​ថា នាង​មិន​នឹកស្មាន​ជួប​រឿង​គ្រោះ​ស៊យបែបនេះ មាន​ក្រុមចោរ​គាស់​ផ្ទះ​របស់​នាង បាន​លួច​យក​ទ្រព្យសម្បត្តិ អស់​ជាច្រើន សូម្បី​សម្លៀកបំពាក់​ទុក​ថត​រឿង និង​ឡើង​ច្រៀង ក៏​អស់​ដែរ​។ លុយកាក់​របស់​នាងដែល​ខំ​រក​ពី​ការថត​រឿង និង​លុយ​លក់ដូរ​ចាប់ហួយ ក៏​បាត់បង់​ទៀត​។

សរុប​នៃ​ការបាត់បង់​លើក​នេះ​ប្រហែលជា​អស់​ជាង ៥​ពាន់​ដុល្លារ​អាម៉េរិក ដែល​ក្នុង​មាន​ទាំង​លុយ​ប្រើប្រាស់​រកស៊ី​ប្រចាំ គ្រឿងអលង្ការ មាន​ពេជ្រ នាឡិកាដៃ ការ​បូ​ប​ថ្លៃៗ និងសម្លៀកបំពាក់​ប្រពៃណី រ៉ូ​ប​ថ្លៃៗជាច្រើន​។​

កញ្ញា ណា​ណៃ បាន​ប្រាប់ថា ផ្ទះ​របស់​នាងនៅ​ម្តុំ​ផ្លូវ​ទៅ​ផ្សារ​ឈូក​មាស​ក្នុង​ខណ្ឌ សែន​សុខ ដែល​អាច​និយាយថា​ជា​តំបន់​រៀង​ស្ងាត់​បន្តិច​ហើយ​។ នៅ​ថ្ងៃកើតហេតុដោយសារតែ​ពេលនោះ​នាង និង​ម្តាយ បិទតូប​លក់ដូរ​អីវ៉ាន់​នៅផ្ទះ​រួចហើយរៀង​ហត់ និង​ចង់​ញ៉ាំ​អី​នៅខាងក្រៅ ក៏​បិទ​ផ្ទះ​ចាក់សោយ៉ាង​ត្រឹមត្រូវ ហើយក៏​ចេញទៅ ​ប៉ុន្តែ​លុះដល់​ម៉ោង​ត្រឡប់មកវិញក៏​ឃើញ​ផ្ទះ​ចំហទ្វារ និង​រញ៉េរញ៉ៃ បាត់​លុយកាក់និង​សម្ភារ​ក្នុងផ្ទះ​ជាច្រើន​។

សូម​រំលឹកថា តារា​សម្តែង​កញ្ញា ណា​ណៃ ជា​តារា​សម្តែង​រាង​តូ​ចច្រឡឹង​គួរឱ្យ​ស្រឡាញ់ បច្ចុប្បន្ននេះកំពុងមាន​ប្រជាប្រិយភាព ទាំង​ក្នុង​រឿង​ភាគ និងឡើង​ច្រៀងតាម​ការ កម្មវិធី​ប្រគំ​តន្ត្រី​នានា​។ កាលពី​ថ្មីៗ​នេះ នាង​ក៏​លេចមុខ​ក្នុង​កម្មវិធី​លេង​កំប្លែង​របស់ទូរទស្សន៍​បាយ័ន ហើយ​មួយរយៈ​ចុងក្រោយ​នេះ នាង​បានចេញ​បទ​ចម្រៀង​ជាច្រើនក្នុង​ផលិតកម្ម ហ្សូ​ន ដែល​ទទួល​ការគាំទ្រ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​៖ បូ​រិ​ន/Ha

#