តារា​សម្តែង សាហា​រ៉ា បង្ហើប​ពី​អាថ​កំបាំង​នៃ​ហាង​កាហ្វេ​ធំ​មួយ នៅ​សៀមរាប

1830
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ពិធីករ និង​ជា​តារា​សម្តែង លោក សាហា​រ៉ា បាន​ច្រានចោល​នូវ​ដំណឹង​ថា លោក​គឺជា​ម្ចាស់​ហាង​កាហ្វេ​ល្បីឈ្មោះ ដែលមាន​យីហោ «​ឆាវ​ដ​យ​» នៅក្នុង​ក្រុង​សៀមរាប ដែល​ប្រើ​ដើមទុន​អស់​រាប់សិប​ម៉ឺន​ដុល្លារ​។ លោក​បាន​ច្រានចោល​បែបនេះ ខណៈដែល​ម្ចាស់​ហាង​កាហ្វេ ត្រូវជា​មិត្ត​ភ័​ក្រ​របស់លោក អាក់អន់ចិត្ត​ព្រោះតែ​គេ​ថា ហាង​កាហ្វេ «​ឆាវ​ដ​យ​» ជា​របស់លោក សាហា​រ៉ា​។

លោក សាហា​រ៉ា និយាយថា មកទល់​ថ្ងៃនោះ នៅតែមាន​មិត្ត​ភ័ក្ដ្រ​ក្នុង​ហ្វេ​ស​ប៊ុ​ក ច្រើនឡើង​យល់ថា លោក​បាន​សម្ងំ​បោះទុន ឬ​ដាក់​ភាគហ៊ុន​បើកហាង​កាហ្វេ​ធំ​មួយ​នៅ​ខេត្តសៀមរាប ដោយសារតែ​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​កាហ្វេ​«​ឆាវ​ដ​យ​»​នៅ​សៀមរាប លោក​គឺជា​អ្នក​ចេញមុខ​ខ្នះខ្នែង ដោយ​ចូល​រួមទាំង​ការរៀបចំ ធ្វើ​ពិធីករ និង​ជួយ​ចាត់ចែង​ស្ទើរ​ទាំងស្រុង ដើម្បីអោយ​ដំណើរ​សម្ពោធ​ដំណើរការ​ទៅបាន​រលូន​។

​លោក​អះអាងថា ការយល់ច្រលំ​ថា អាជីវកម្ម​នោះ​គឺជា​របស់ខ្លួន​គឺជា​រឿង​ដែល​អាចធ្វើអោយ​ម្ចាស់​ដើម​អន់ចិត្ត ដោយសារតែ​អាជីវកម្ម​នោះ​ត្រូវបាន​គេ​ដឹងថា ប្រើ​ទុន​ដល់​រាប់សែន​ដុល្លារ ដែល​លើសពី​សមត្ថភាព​របស់​លោក ហើយ​ម្ចាស់​ហាង​ពិតប្រាកដ​គឺជា​របស់ លោក ឈិន ឈួ​ង និង​អ្នកស្រី សេក ច័ន្ទ​សុធា​រិន្ទ ដែល​ត្រូវជា​មិត្ត​ភ័ក្ដ្រ​ស្និ​ទ្ធិ​ស្នាល​របស់លោក តាំងពី​នៅ​រៀន​មហាវិទ្យាល័យ​ជាមួយគ្នា​ឯណោះ​ទេ​។

​លោក បដិសេធថា មិនមាន​សូម្បីតែ​ភាគហ៊ុន​មួយ​ហ៊ុន ប៉ុន្តែ​ហេតុផល​ដែល​លោក​ខ្នះខ្នែង គឺ​ដោយសារតែ​លោក​ចង់​ស្វែងយល់​ពីមុខ​របរ​បើក​ហាង​កាហ្វេ​នោះ ពី​មិត្ត​ភ័ក្ត្រ​អោយបាន​ល្អិតល្អន់ និង​ចង់​រួមចំណែក​ជួយ​ដល់​អតីត​មិត្ត​រួម​ថ្នាក់​ផង ទើប​លោក​ចេញមុខ​ខ្នះខ្នែង​នៅក្នុង​ថ្ងៃនោះ ដោយ​រំពឹងថា នឹង​ទទួលបាន​នូវ​បទពិសោធន៍​មួយ ដើម្បី​ងាយស្រួល​ក្នុងការ ត្រៀមខ្លួន នៅពេលដែល​លោក​ចង់​ទិញ​ប្រេន​ហាង​កាហ្វេ ឆាវ​ដ​យ ក្នុងពេល​ខាងមុខ​។

​លោក​ថា ខ្លួន​មាន​ចំណូលចិត្ត​ទិញ​ប្រេន​បើកហាង​កាហ្វេ​ធំៗ​បែបនេះ​ក្នុងពេល​ខាងមុខ ខណៈដែល​លោក​កាន់​តែមាន​ចំណូលចិត្ត​ទ្វេរ​ឡើង​នៅពេល​ទៅ​ចូលរួម​សម្ពោធ​ហាង​ឆា​វដ​យ នៅ​សៀមរាប​របស់​មិត្តសម្លាញ់ ហើយ​បាន​កត់សម្គាល់ថា អាជីវកម្ម​របស់​ហាង​ធំដុំ នោះ​ទទួលបាន​ការរីកចំរើន​មិនធម្មតា​។ មកទល់​ម៉ោង​នេះ ខ្លួន​កាន់តែ​ពេញចិត្ត​ក្នុងការ​សិក្សា​ស្វែងយល់ ពី​ប្រេន​របស់​ហាង​កាហ្វេ ឆាវ​ដ​យ ដោយសារតែ​លោក​យល់ថា អាជីវកម្ម​មួយ​នេះ បើ​មាន​ទុន​ធ្វើ​អាជីវកម្ម គឺ​ពិតជា​ងាយស្រួល​កើប​ផលចំណេញ ជាពិសេស​សម្រាប់​អ្នក​ជ្រើស​ត្រូវ​ទីតាំង ដូច​ហាង ឆាវ​ដ​យ នៅ​សៀមរាប​។

​បន្ថែម​ពីលើ​ការ​បដិសេធថា ហាង ឆាវ​ដ​យ សៀមរាប មិនមែនជា​សកម្ម​សិទ្ធិ ឬ​ជា​ភាគហ៊ុន​របស់ខ្លួន លោក​ក៏បាន​ប្រតិកម្ម​ជុំវិញ​ការ​លើកឡើងថា យីហោ ហាង​នេះ គឺជា​ប្រេន​របស់​វៀតណាម​ផងដែរ​។ លោក​ថា អ្នក​យល់ឃើញ​នោះ បណ្ដាលមកពី​គិតតែ​មួយ​ជ្រុង​ត្រង់​សូរសៀង របស់​ឈ្មោះ​ហាង ដោយ​មិនបាន​ស្វែងយល់ថា​នេះ​ជា​ប្រេន​នាំចូល​មកពី​ប្រទេស​ណា​។​

​លោក​សាហា​រ៉ា បន្តថា កាហ្វេ ឆាវ​ដ​យ គឺជា​យីហោ​ល្បី​មួយ​នៅក្នុង​ប្រទេស​ថៃ ហើយ​ក្រៅពី​នៅ​ប្រទេស​ថៃ ហាង​កាហ្វេ​យីហោ​នេះ ក៏បាន​វត្តមាន​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ផងដែរ ដោយ​នេះ​គឺជា​សាខា​ទី​៥ នៅ​ទើប​ថ្មោងថ្មី​នៅ​ខេត្តសៀមរាប​។ លោក​ថា ខ្លួន​សំឡឹង​ឃើញ​ពី​ការចាប់ផ្ដើម​របស់​អាជីវ​កម្មនេះ តែ​លោក​មិនទាន់​ច្បាស់​ថា ខ្លួន​មានលទ្ធភាព​បោះទុន​នោះ​ពេលណា​នោះទេ ដោយសារតែ​ការទិញ​ប្រេន និង​ធ្វើ​ហាង​អោយ​ត្រូវ​ស្ដង់ដារ​របស់​ឆាវ​ដ​យ ក៏​ប្រើ​ទុន​ខ្ពស់ ហើយក៏​ត្រូវការ​ពេលវេលា​គ្រប់គ្រង​ពេញលេញ​៕