តារា​សិច​ស៊ី ឈិន សៀវ​ម៉ី ប៉ះ​នឹង​នាយគ្រឿន ក្នុង​រឿង “​អ្នកស៊ើប​អង្កេត​បែក​ស្លុយ​”

554
ចែករម្លែក

ភ្នំពេញ​:​តារា​សម្តែង​សិច​ស៊ី​រូប​ស្រស់ ​កញ្ញា ឈិន សៀវ​ម៉ី និង​តារា​កំប្លែង នាយ​គ្រឿន បានប៉ះគ្នា​លើកដំបូង​ក្នុង​ភាពយន្ត​បែប​កំប្លែង​ខ្នាត​ធំ​គឺ​រឿង “​កំពូល​អ្នកស៊ើប​អង្កេត​បែក​ស្លុយ​”​។

​រឿង “​កំពូល​អ្នកស៊ើប​អង្កេត​បែក​ស្លុយ​” របស់​ផលិតកម្ម វី​ស៊ីន​( VCINE Production) បានប្រកាស​ដាក់​បញ្ចាំង​ជា​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃទី​១៥ ខែមករា​ឆ្នាំ ២០២០ នៅ​រោងភាពយន្ត​Major Cineplex ។ នៅក្នុង​រឿងនេះ នាយ​គ្រឿន សម្ដែង​ជា​តួឯក​ប្រុស និង​ជា​អ្នកស៊ើប​អង្កេត​។ ប៉ុន្តែ​កំប្លែង​ដែលជា​អត្តសញ្ញាណ​របស់លោក​នៅ​តែមាន​ដដែល​ ពោល​គឺជា​អ្នកស៊ើប​អង្កេតបែប​កំប្លែង​នេះឯង​។

​តួអង្គ​កំប្លែង នាយគ្រឿន បាន​ថ្លែងឱ្យដឹងថា រឿងនេះ​លោក​មាន​ឈុត​ល្អូក​ល្អឺ​ន​ជាមួយ​តួ​ស្រី ឈិន សៀវ​ម៉ី ដ៏​ស្រស់ស្អាត ច្រើនជាង​រឿង​កន្លងទៅ​។ នាយ គ្រឿន អះអាងថា សម្ដែង​កំប្លែង គឺមាន​ការលំបាក​ច្រើន ព្រោះ​ក្រៅពី​កាយវិការ​ ត្រូវ​រក​ពាក្យពេចន៍​មក​និយាយ​ឲ្យ​គេ​សើច​។ ដោយឡែក ឈុត​ស្នេហា ក៏​ពិបាក​មិន​ចាញ់​គ្នា​ដែរ​។ ប៉ុន្តែ​ត្រង់​ការសម្ដែង​ឲ្យ​ចូល​តួ ឲ្យ​វា​ស្និទ្ធ គឺ​នាយ​ហាក់​មិនទាន់​ល្អ​គ្រប់គ្រាន់ ព្រោះតែ​ខ្លាច​តួ​ស្រី​យល់​ផ្សេង​មកលើ​នាយ​។

​តួឯក​ស្រី​សាច់​ស​ដូច​បណ្តូលចេក បាន​និយាយថា ទោះបី​ជួបគ្នា​លើកដំបូង​មែន​ប៉ុន្តែ​មិនមានបញ្ហា​ប្រឈម​នឹង​ការសម្តែង​ឡើយ​។ នាង​ថា​កាន់តែ​ប្លែក​ក្រោយពី​នាង​បាន​សម្តែង​ក្នុងភាពយន្ត​កំប្លែង​មួយ​នេះ ដែលជា​ភាពយន្ត​ខ្នាត​ធំ​លើកដំបូង​។ នាង​មាន​មាន​សាច់រឿង​បែបកំប្លែង និង​ឈុត​ឆាក​ថ្មី ក៏​បង្កប់​ដោយ​ទស្សនៈ​អប់រំ​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក លី វ៉េ​ត ចាងហ្វាង​ផលិតកម្ម​វី​ស៊ីន បានបញ្ជាក់​ថា​ នេះ​ជា​រឿង​ទី​២​របស់ផលិតកម្ម បន្ទាប់ពី​រឿង “​ទេសចរណ៍​ឋាននរក​” ហើយ​ថា បន្ទាប់​ពីនេះ​ទៅ​ផលិតកម្ម​លោក​ក៏នៅមាន​រៀង​បន្តបន្ទាប់​ទៀត ដែលមាន​រសជាតិ​ថ្មី​ពី​រឿង​ទាំងពីរ​ខាងលើ​។

​លោក​បាន​និ​យា​ថា ភាពយន្ត​នេះ​សម្រិតសម្រាំង​ការផលិត​ប្រមាណ​កន្លះ​ឆ្នាំ មុនពេល​ចាក់បញ្ចាំង​ជា​ផ្លូវការ​នៅ​គ្រប់​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី​១៦ ខែមករា​នេះ​តទៅ​។ លោក​ថា​ជាភាពយន្ត​មាន​រស​ជាតិថ្មី​ប្លែក​និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការផលិត​ដើម្បី​ឲ្យ​ភាពយន្ត​នេះ អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​៕ ដោយ​: បូ​រិ​ន/Ha