តារា​ហុងកុង​នាង ត្រេ​ស៊ី អាយ​ភី បណ្តេញ​អ្នកបម្រើ​ពីរ​នាក់ ក្រោយពី​ពួកគេ​និយាយ​មិនល្អ​អំពី​នាង​នៅលើ​អន​ឡាញ​

178
ចែករម្លែក

​តារា​សម្តែង​ហុងកុង​នាង ត្រេ​ស៊ី អាយ​ភី (Tracy Ip) ត្រូវ​ទូរស័ព្ទ​ទៅ​ប៉ូលិស នៅពេល​នាង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ស្ត្រី​បម្រើ​របស់​នាង​ជុំវិញ​ឥរិយាបថ​ការងារ​របស់​នាង​។​

​ឧបទ្ទវហេតុ​នោះ​គឺ​ស្ថិត​ក្នុងចំណោម​បញ្ជី​នៃ​ការសោកស្តាយ ដែល​នាង​អាយ​ភី បវរកញ្ញា​ហុងកុង​ឆ្នាំ ២០០៥ បាន​រៀបរាប់​លម្អិត​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ថ្ងៃ​ពុធ ទី​៤ កញ្ញា​។​

​នាង​អាយ​ភី​អាយុ ៣៧ ឆ្នាំ​ឥឡូវ​កំពុងមាន​ផ្ទៃពោះ​កូន​ទី ៣ បាន​សុំ​ទីភ្នាក់ងារ​មួយ​ដើម្បី​ឱ្យជួយ​រក​អ្នកបម្រើ​ពីរ​នាក់​។​

​នាង​អាយ​ភី​បាន​រកឃើញថា​ពួកគេ​មិនមាន​បទពិសោធ​ការងារ​ទេ បន្ទាប់ពី​នាង​បាន​ជួល​អ្នក​ទាំងពីរ​ដែលជា​បងប្អូន​ស្រី​បង្កើត​។​

​ទីភ្នាក់ងារ​នៅ​ហុងកុង​គឺ​ពឹង​ផ្អែកទៅលើ​ភ្នាក់ងារ​នៅ​ហ្វីលីពីន​ដើម្បី​ផ្ទៀងផ្ទាត់​ប្រវត្តិរូប​របស់​ពួកគេ​។​

​ដោយ​លើក​ឧទាហរណ៍​ពី​គុណភាព​ការងារ​របស់​អ្នកបម្រើ​ស្រី នាង​អាយ​ភី​អតីត​តារា​សម្តែង​របស់​ទូរទស្សន៍ TVB បានសរសេរថា “​ខ្ញុំ​បាន​រកឃើញថា​មាន​ក្លិន​ចេញពី​ពែង​និង​ដប​ទឹកដោះគោ​កូនប្រុស​ខ្ញុំ​”​។​

​អាយ​ភី ដែល​បាន​រៀបការ​ជាមួយ​ស្ថាបត្យករ​ម្នាក់​ក្នុង​ឆ្នាំ ២០១៥ បាន​និយាយថា អ្នកបម្រើ​ទាំងពីរ​មិន​សប្បាយចិត្ត​ទេ​ដែល​ពួកគេ​ត្រូវ​មើលថែ​កូនប្រុស​វ័យក្មេង​ទាំងពីរ​របស់​នាង បើទោះបីជា​បាន​ប្រាប់​ពួកគេ​តាំងពី​ដំបូង​ថា​ពួកគេ​ត្រូវបាន​ជួល​សម្រាប់​គោលបំណង​នេះ​ក៏ដោយ​។​

​នាង​អាយ​ភី​បាន​អះអាងថា​បងប្អូន​ស្រី​នេះ​បានស្នើ​សុំឱ្យ​ដោះលែង​ពួកគេ​និង​បើកប្រាក់​ឈ្នួល ឬ មិន​អ៊ីចឹង​ទេ ពួកគេ​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អគ្គ​កុងស៊ុល​ហ្វីលីពីន​ប្រចាំ​នៅ​ហុងកុង​។​

​ជម្រើស​ចុងក្រោយ​សម្រាប់​អាយ​ភី​បាន​កើតឡើង​នៅពេល​នាង​ដឹងថា​ផ្លែ​ស្ត្រ​បឺ​រី​អត់​លាង​ទឹក​ត្រូវបាន​បញ្ចុក​ដល់​កូនប្រុស​របស់​នាង និង​នៅពេលដែល​អ្នកបម្រើ​ម្នាក់​ក្តិច​ដៃ​កូនប្រុស​ពៅ​របស់​នាង​។​

​ដោយនិយាយ​ថា​នាង​មាន​ភស្តុតាង​ផ្អែកលើ​វីដេអូ​ឃ្លី​ប នាង​អាយ​ភី ដែល​បាន​បញ្ចូល​រូបថត​របស់​អ្នកបម្រើ​ទាំងពីរ​ផងដែរ​នោះ បាន​និយាយថា “​ខ្ញុំ​គ្មាន​បំណង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ (​នូវ​ស្ថានភាព​គ្រួសារ​ខ្ញុំ​) ប៉ុន្តែ​ទ្រាំលែងបាន​ទៀតហើយ​”​។​

​នាង​ក៏បាន​បង្ហោះ​រូប Screenshot របស់​អ្នកបម្រើ​ដែល​បាន​ចោទ​នាង​លើ​អន​ឡាញ​ថា មាន​អាកប្បកិរិយា​អាក្រក់​ផងដែរ​។​

​តាំងពី​ពេលនោះ​មក អាយ​ភី​បានបញ្ចប់​ការងារ​របស់​ពួកគេ ហើយ​ពឹង​ផ្អែកលើ​ជំនួយ​ក្រៅ​ម៉ោង​សម្រាប់​ពេលបច្ចុប្បន្ន​៕ ដោយ៖ កញ្ញាដាលីស

នាង ត្រេ​ស៊ី អាយ​ភី
#