តារា​ហុងកុង លោក​សាយ​ម៉ុ​ន យ៉ាំ ត្រូវគេ​ចាក់​នៅលើ​ឆាក​ក្នុងប្រទេស​ចិន

557
ចែករម្លែក

តារា​សម្តែង​ហុងកុង​និង​ជា​ផលិតករ​ភាពយន្ត លោក​សាយ​ម៉ុ​ន យ៉ាំ ត្រូវគេ​ចាក់ ខណៈ​កំពុងនិយាយ​លើ​ឆា​កនៅ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​មួយ​នៅ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC សរសេរ​នៅ​ថ្ងៃ​សៅរ៍​ទី​២០​កក្កដា​នេះ​។​

​តារា ដែល​ឈ្នះ​ពានរង្វាន់​ភាពយន្ត​រាប់មិនអស់​រូបនេះ កំពុង​នៅ​ទីក្រុង​ចុង​សាន នៅពេលដែល​ឧបទ្ទវហេតុ​បានកើត​ឡើង​។

​វីដេអូ​ចែករំលែក​លើ​បណ្តាញ​សង្គម Weibo បានបង្ហាញ​បុរស​ម្នាក់​ឡើងមក​លើ​ឆាក រួច​រុញឱ្យ​លោក​យ៉ាំ​ដួល មុនពេល​ដក​កាំបិត​ចាក់​គាត់​។

​អ្នកគ្រប់គ្រង​របស់លោក​យ៉ាំ​និយាយថា របួស​របស់​យ៉ាំ​មិន​គំរាម​ដល់​អាយុជីវិត​ទេ ហើយ​គាត់​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ហើយ​។

​អ្នកគ្រប់គ្រង​ឈ្មោះ ឡេ​ស្ទើ ម៉ូ​ហ្គី​ម៉ាន់ បាន​ប្រាប់​កាសែត South China Morning Post ថា “​គាត់​ត្រូវគេ​ចាក់​ចំពោះ និង​ឆូត​រយះ​ដៃ​របស់គាត់ ប៉ុន្តែ​គាត់​ដឹងខ្លួន​ធម្មតា​ពេញ​មួយ​អំឡុងពេល​កើតហេតុ​នេះ​”​។

​លោក​បាន​បន្ថែមថា “​ការស៊ើបអង្កេត​បឋម​បង្ហាញ​របួស​របស់គាត់​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​នៅ​កំពុង​សម្រេចចិត្ត​នៅឡើយ​ថា​តើ​គួរ​វះកាត់​ឱ្យ​គាត់​ឬ​អត់​”​។

​តារា​សម្តែង​អាយុ ៦៤ ឆ្នាំ​រូបនេះ​បាន​កំពុង​បង្ហាញខ្លួន​នៅ​ពិធី​បើកសម្ពោធ​ហាង​ថ្មី​មួយ​នៅ​ទីក្រុង​ចុង​សាន​នៅ​ខេត្ត​ក្វាង​ទុង​ភាគខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​នេះ​។

​វីដេអូ​បានបង្ហាញ​បុរស​ម្នាក់​នោះ​រត់ឡើង​ឆាក​យ៉ាង​លឿន រួច​ដក​កាំបិត​ពី​ហោប៉ៅ​។ បុរស​នោះ​បន្ទាប់មក​បាន​ចាក់ទៅលើ​លោក​យ៉ាំ ដែល​ព្យាយាម​រត់គេច​ទាំង​ព្រលឹងចុងសក់ និង​ខ្ទប់​ក្បាលពោះ​របួស​របស់គាត់​។

​ប៉ូលិស​និយាយថា ពួក​សន្តិសុខ​បានធ្វើ​អន្តរាគមន៍​ភ្លាមៗ ហើយ​ចាប់បាន​ជន​វាយប្រហារ​ប្រគល់ឱ្យ​ប៉ូលិស​ឃុំខ្លួន​៕ ដោយ៖ កញ្ញាដាលីស

លោក​យ៉ាំ​ត្រូវគេ​ចាក់​តែ​មិន​របួសធ្ងន់​ទេ