តារា​ហូលីវូដ​ល្បីៗ​រួមដៃគ្នា​ធ្វើ​កម្មវិធី​ទូរទស្សន៍​មួយ​ដើម្បី​រៃអង្គាស​លុយ​ជួយ​ជនរងគ្រោះ​ខ្យល់ព្យុះ​

95

​តារា​ហូលីវូដ​ល្បីៗ​ជាច្រើនរូប​បាន​ផ្តល់នូវ​សុន្ទរកថា​ដ៏​រំជើបរំជួល ធ្វើការ​សម្តែង​ជូន​ទស្សនា និង​ទទួល​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កញ្ញា​នៅ​កម្មវិធី​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​ជួយ​អ្នក​រស់រានមានជីវិត​និង​ជនរងគ្រោះ​នៃ​ព្យុះសង្ឃរា​ហា​វី និង អៀ​ម៉ា​។​

​តារា​ល្បីៗ ដូចជា ច​ច គ្លូ​នី​, ជូ​លៀ រ៉ូបឺត​, ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ​, ម៉ា​ត​ធូ ម៉ាក​ខូ​ណូ​ហ៊ី​, ថម ហាំង​, បេ​យ៉ុ​ន​សេ​, ចា​ស្ទី​ន ប៊ី​បឺ និង ដេ​មី ឡូ​វ៉ា​តូ បាន​រួមដៃគ្នា​នៅក្នុង​កម្មវិធី “Hand in Hand” ជាមួយ​បទ​ចម្រៀង​ជំរុញ​ទឹកចិត្ត​និង​រឿងរ៉ាវ​នានា​នៃ​ការរស់រានមានជីវិត​ក្នុងអំឡុងពេល​គ្រោះមហន្តរាយ​ដ៏​សាហាវ​នេះ​។​

​កម្មវិធី​ទូរទស្សន៍​រយៈពេល​មួយ​ម៉ោង ដែល​បាន​ចាក់ផ្សាយ​តាម​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍​នានា ប៉ុស្តិ៍​ខ្សែកាប និង​ទូរទស្សន៍​ឌីជីថល បាន​រៃអង្គាសប្រាក់​បាន​ជាង ១៤ លាន​ដុល្លារ​។ ក្នុងអំឡុង​កម្មវិធី​នេះ លោក ស្តេ​ហ្វិ​ន ខូ​ល​បឺត​និយាយថា​ក្រុមហ៊ុន Apple Inc បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ៥ លាន​ដុល្លារ ដែល​តារា​កំប្លែង​រូបនេះ​និយាយថា “​វា​ក៏​ជា​តម្លៃ​នៃ​ទូរស័ព្ទ iPhone ថ្មី​ផងដែរ​”​។​

​នាង​បេ​យ៉ុ​ន​សេ ដែល​បង្ហាញខ្លួន​ក្នុង​សារ​ជា​សំឡេង បាន​និយាយ​អំពី​តម្រូវការ​បន្ទាន់​សម្រាប់​ការផ្គត់ផ្គង់​ជំនួយ​នៅ​ស្រុកកំណើត​របស់​នាង​ក្នុង​ក្រុង​ហូ​ស្តុ​ន បន្ទាប់ពី​ព្យុះ​ហា​វី បាន​ក្លាយទៅជា​ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា​បំផុត​ដែល​បាន​វាយប្រហារ​រដ្ឋ​តិច​សាស​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​មកនេះ ដោយ​សម្លាប់​មនុស្ស​ជាង ៦០ នាក់ ធ្វើឱ្យ​មនុស្ស​ជាង ១ លាន​នាក់​ភៀសខ្លួន​ពី​ទីលំនៅ និង​បំផ្លាញ​ផ្ទះ​ចំនួន ២០៣.០០០ ខ្នង​។​

​នាង​បេ​យ៉ុ​ន​សេ​និយាយថា “​អំឡុងពេល ដែល​វា​មិនអាច​ទៅរួច ដែល​មើល​ព័ត៌មាន​ដោយ​មិនឃើញ​អំពើហិង្សា​ឬ​ការរើសអើង​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​នេះ គ្រាន់តែ​ពេលដែល​អ្នក​គិតថា​វា​មិនអាច​ប្រែ​ទៅជា​អាក្រក់​ទៅៗ​នោះ គ្រោះមហន្តរាយធម្មជាតិ​បាន​ឆក់យក​ជីវិត​ដ៏​មានតម្លៃ ធ្វើឱ្យ​ខូចខាត​យ៉ាង​ធំធេង និង​ផ្លាស់​ប្តូរជីវិត​ជា​រៀងរហូត​” ។​

​នាង​និយាយថា “​គ្រោះមហន្តរាយធម្មជាតិ​មិនចេះ​រើសអើង​ទេ​ពួកវា​មិនដឹងថា​អ្នកជា​ជនអន្តោប្រវេសន៍ ជនជាតិ​ស្បែក​ខ្មៅ ឬ​ជនជាតិ​ស្បែ​កស អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ ឬ​ជនជាតិ​អាស៊ី ជនជាតិ​ជ្វី​ហ្វ ឬ​មូស្លីម អ្នកមាន ឬ​អ្នកក្រ​ទេ​…​យើងទាំងអស់គ្នា​គឺ​នៅក្នុង​គ្រោះ​នេះ​ទាំងអស់គ្នា​”​។​

​ព្យុះ​អៀ​ម៉ា ដែលជា​ព្យុះ​អា​ត្ល​ង់​ទិ​ក​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​បាន​កត់ត្រា បាន​វាយប្រហារ​កោះ​ជាច្រើន​នៅ​ភាគ​ខាងជើង​តំបន់​កា​រ៉ា​អ៊ី​ព ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤៣ នាក់​។ វា​បាន​បក់បោក​ចូលទៅក្នុង​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃអាទិត្យ កន្លែង​ដែល​ផ្ទះសម្បែង ៩០ ភាគរយ ត្រូវគេ​ជឿថា​ត្រូវបាន​កម្ទេច​ឬ​ខូចខាត​យ៉ាងខ្លាំង​៕ ដោយ៖ កញ្ញាដាលីស

នាង​បេ​យ៉ុ​ន​សេ និង​លោក​គ្លី​នី ស្ថិតក្នុង​ចំណោម​តារា​ហូលីវូដ​ល្បីៗ​ជាច្រើនរូប​ទៀត ដែល​បាន​រៃអង្គាស​លុយ​ជួយ​ជនរងគ្រោះ​នៃ​ខ្យល់ព្យុះ​ហា​វី និង​អៀ​ម៉ា កាលពី​ថ្ងៃ​អង្គារ