តារា​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បែកគំនិត​ឆក់​ទូរស័ព្ទដៃ​លើ​នារី​គ​ថ្លង់​ម្នាក់ មិនបាន​សម្រេច ​ត្រូវគេ​វាយ​ទ្រម​ខ្លួន​

348
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ បែកគំនិត​ឆក់​ទូរស័ព្ទដៃ​ទៅលើ​នា​រីគ​ម្នាក់​ តែ​មិនបាន​សម្រេច បណ្ដាលឱ្យ​ក្រឡាប់​កង់​បី នៅតាម​បណ្ដោយ​ផ្លូវ ៥៩៨ ត្រង់ចំណុច​ក្បែរ​នឹង​បុរី​ប៉េង​ហួត ដែល​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង៨ និង ៣០ នាទី​យប់​ ថ្ងៃទី ១៧ ខែវិច្ឆិកា​ឆ្នាំ ២០១៩​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់នេះ​ជិះ​ម៉ូតូ​ម៉ាក Honda Scoopy ស៊េរី​ឆ្នាំ​២០១៩ ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ​1HC.6084 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ម៉ាក Oppo មួយគ្រឿង​ពី​នារី គ​ថ្លង់ ម្នាក់ ជា​ជនរងគ្រោះ​ដែលកំពុង​ជិះ​លើ​កង់​បី​ឥណ្ឌា​តែ​មិនបាន​សម្រេច រួច​ក៏​ទាក់​ដៃចង្កូត​បណ្ដាលឲ្យ​ក្រឡាប់កង់​បី​ឥណ្ឌា រួច​ជនសង្ស័យ​និង​ម៉ូតូ​ខ្ទាតទៅ​ចិ​ញ្ចើ​ម​ផ្លូវ ភ្លាមនោះ​ប្រជាពលរដ្ឋ​ផ្អើល​ចាប់​និង​វាយ​ទ្រមខ្លួន​នៅនឹងកន្លែង​កើតហេតុ​។​

​ជនសង្ស័យ​ម្នាក់នេះ​មាន​ឈ្មោះថា លី តុលា ភេទប្រុស អាយុ ១៩​ឆ្នាំ​ គឺជា​តួ​សម្តែង ក្នុង​ក្លិប​អប់រំ និងកម្សាន្ត ក្នុង​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក ដែលមាន​អ្នកគាំទ្រ​ច្រើន មាន​គណនី​ឈ្មោះ La Big II Offcial ហើយ​ជនសង្ស័យ​ម្នាក់​នេះក៏​ធ្លាប់​ត្រូវ សមត្ថ​កិច្ច​ឃាត់​កាលពី​ឆ្នាំ​២០១៧​ផងដែរ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ល​/Ha