តា​យាយ​ចៅស្រី​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​វត្ត​បុក​ពីក្រោយ​រថយន្ត​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២​នាក់​

679
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: គួរ​ស​ង្វែ​ក​! លោកតា​វ័យ​អាយុ​៦៤​ឆ្នាំ បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ចៅ​ទៅ​វត្ត​បុក​ពីក្រោយ​រថយន្ត​ខូច​ចត​លើផ្លូវ​បេតុង ឈប់​ជួសជុល​មិន​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ ទើប​បង្ក​គ្រោះថ្នាក់ កាលពី​វរ​លា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​ចំណុច​ផ្លូវ​បេ​តុ​ភូមិ​ព្រៃ​ស្វាយ​សង្កាត់​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH 7041 ជា​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ម្ចាស់​ឈ្មោះ អឿន អឿ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។ ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1HC 2559​។

​សព​មានឈ្មោះ ផាន គិ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ រួម​ដំណើរ​ដោយ​ប្រពន្ធ​ឈ្មោះ សុខ ហុង អាយុ​៦៨​ឆ្នាំ និង​ចៅស្រី​ឈ្មោះ ថុ​ន ថា​រ័ត្ន​អាយុ​១៥​ឆ្នាំ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។​

​ចៅស្រី​ជនរងគ្រោះ​ឈ្មោះ ថុ​ន ថា​រ័ត្ន បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ នាង​បានរួម​ដំណើរ​ទៅ​វត្ត​ទួល​ជាមួយ​តា និង​យាយ ដោយ​ជិះ​ម៉ូតូ​ខាងលើ​ជីតា​ជា​អ្នក​ឌុប​ជិះ​តាមផ្លូវ​បេតុង ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ដោយសា​ចាំង​ថ្ងៃ​ផង ម៉ូតូ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត ដែល​ឈប់​ចត​ស្ងៀម​លើផ្លូវ​បេតុង ដើម្បី​ជួសជុល​មិនបាន​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​។​ បណ្តាលឱ្យ​លោកតា​និង​យាយ​របួសធ្ងន់ ចំណែក​ចៅស្រី​របួសស្រាល​ភ្លាមនោះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​មណ្ឌល​សុខភាព​ព​ន្សាំ​ង ដើម្បី​សង្គ្រោះ ដោយសា​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​លោកសង្ឃ ហើយ​លោកតា​បាន​ស្លាប់ បាត់បង់​ជីវិត​នៅ​ពាក់កណ្ដាល​ផ្លូវ​។ ចំណែក​លោកយាយ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​លោកសង្ឃ ហៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ ។​

​ក្រោយពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​