តា​លី​បង់​សម្លាប់​មនុស្ស​៤៨​នាក់​នៅ​មុន​ការបោះឆ្នោត​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

328
ចែករម្លែក

​ពួក​អ្នក​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មក​ពី​ក្រុម​បះបោរ​តា​លី​បង់ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤៨​នាក់ និង​របួស​រាប់សិប​នាក់​ នៅក្នុងការ​បំផ្ទុះ​គ្រាប់​២​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា ដោយ​មួយ​ផ្ទុះ​នៅ​ជិត​កន្លែង​ជួបជុំ​ឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី និង​មួយទៀត​នៅក្នុង​ទីក្រុង​កា​ប៊ុល ហើយ​ពួក​បះបោរ​បាន​ព្រមាន​ថា​នឹង​មាន​អំពើ​ហិង្សា​​បន្ថែម​នៅ​មុន​ការបោះឆ្នោត​។​

​ការវាយប្រហារ​ដំបូង​គឺ​បង្កឡើង​ដោយ​អ្នក​ជិះ​ម៉ូតូ​ម្នាក់ ដែល​បាន​ចុចបំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ច្រក​ត្រួតពិនិត្យ​មួយ​ឆ្ពោះ​ទៅកាន់​កន្លែង​ជួបជុំ​ឃោសនា​រក​សំឡេងឆ្នោតរ​បស់​​ប្រធានាធិបតី អាស​រ៉ា​ហ្វ ហ្កានី នៅក្នុង​ខេត្ត ប៉ា​វ៉ាន ដោយ​វា​បាន​សម្លាប់​មនុស្ស​២៦​នាក់ និង​របួស​៤២​នាក់​។​

​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក ការផ្ទុះ​មួយទៀត​ដែល​ក៏​ធ្វើឡើង​ដោយ​ក្រុម​តា​លី​បង់ បានធ្វើឲ្យ​កក្រើក​រដ្ឋ​ធានី​កា​ប៊ុល​នៅ​ជិត​ស្ថានទូត​អាម៉េរិក​។​អាជ្ញាធរ​បាន​និយាយថា មនុស្ស​២២​នាក់​បាន​ស្លាប់ និង​៣៨​នាក់​របួស​ពី​ការវាយប្រហារ​នេះ​។​

​ការ​បំផ្ទុះ​គ្រាប់​នេះ​កើត​ឡើង​ក្រោយ​ពី​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ​បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់​ជិត​ស្ថានទូត​អាម៉េរិក​កាលពី​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​ទាហាន​​អាម៉េរិក​ម្នាក់ ដែល​នាំឲ្យលោក​ខឹង​និង​បញ្ឈប់​កិច្ច​ពិភាក្សា​រក​សន្តិភាព​ជាមួយ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បញ្ជូន​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុម​តា​លី​បង់​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំងពីរ ហើយ​អ្នកនាំពាក្យ​ក្រុម​នេះ​បាន​អះអាង​ថា​​​ ការវាយប្រហារ​នៅ​ខេត្ត​ប៉ា​វ៉ាន គឺ​មាន​បំណង​រារាំង​រំខាន​ការបោះឆ្នោត​ថ្ងៃ​២៨​កញ្ញា​។​

​ការបោះឆ្នោត​នេះ​នឹង​ជា​ការប្រកួត​ប្រែង​រវាង​ប្រធានាធិបតី​ហ្កានី និង​លោក​អាប់​ឌុល​ឡា អាប់​ឌុល​ឡា រួម​ទាំង​បេក្ខជន​បួនដប់​នាក់​ទៀត រួម​មាន​ពួក​អតីត​ស្តេចត្រាញ់ អតីត​មេ​​ចារកម្ម​និង​សមាជិក​នៃ​អតីត​របប​កុំម្មុយនីស្ត​នៃ​ប្រទេស​នេះ​៕​ដោយ​៖​វាសនា​/Ha

៨០​នាក់​របួស​ពី​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​១៧​កញ្ញា​