តុង​ហ្គី​ល​ម៉ូ​ដូ ៩ រូប ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​

188
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នា​ល្ងាច​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ (Tong Il Moodo) កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​របស់ខ្លួន ចំនួន ៩ រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍ ប្រកួត​ក្បាច់គុន​ចម្រុះ ជើងឯក​ពិភពលោក “World Chhung Ju Martial Art Mastershit 2019” លើក​ទី​២ នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៤ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ។​

ការចេញដំណើរ​នៃ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​

​លោក ឈួន ចន្ថា ជា​គ្រូបង្វឹក បាន​ឲ្យ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​នេះ មាន​កីឡា ចំនួន ២៦ ប្រភេទ ចូលរួម​ប្រកួត ហើយ​ក៏មាន​បណ្ដា ប្រទេស​ជាច្រើន នៅលើ​ពិភពលោក ចូលរួម​ដែរ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹងថា សម្រាប់​ប្រភេទ​កីឡា តុង​ហ្គី​ល​ម៉ូ​ដូ​មួយ មាន​ប្រទេស​ចំនួន ២០ ប្រទេស ចូលរួម ។​

ការ​ទៅ​ចូលរួម​ប្រកួត​នេះ សហព័ន្ធ​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា បញ្ជូន​អត្ត​ព​លិ​ក ចំនួន ៥ នាក់ ក្នុងនោះ​កីឡាករ ២ នាក់ គឺ​កីឡាករ ញឹ​ល យុគ​អ៊ី​ល ប្រកួត​លើ​វិញ្ញាសា ផ្នែក​ប្រយុទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៨០ គីឡូក្រាម និង​កីឡាករ ស្រី រាជបុត្រ ផ្នែក​ប្រយុទ្ធ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ចុះក្រោម​។ ចំពោះ​កីឡាការិនី ៣ រូប​វិញ​នោះ មាន​កីឡាការិនី ស៊ីថា ស្រី​លីន ប្រយុទ្ធ​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ចុះ កីឡាការិនី ហុង គឹម​ហួយ ម្ចាស់​មេដាយមាស​ពិភពលោក និង​មេដាយមាស​អាស៊ី ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥០ គីឡូក្រាម​ចុះ និង​កីឡាការិនី ម៉ាន់ ស៊ី​ម៉ា ប្រកួត​លើ​វិញ្ញាសា​សម្ដែង​។​

ការចេញដំណើរ​នៃ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​

​ចំពោះ​ប្រតិភូ​ដឹកនាំ មាន​លោក ជា វណ្ណច​ន្ត្រា និង​លោក ឈួន ចន្ថា តែ​អ្វី​ដែលជា​មោទនភាព​បំផុត​នោះ យើង​បាន​បញ្ជូន​អាជ្ញាកណ្ដាល កម្រិត​អន្តរជាតិ តំណាងឱ្យ​កម្ពុជា ចំនួន ២ រូប​គឺ លោក រើ​ន គ​ន្ថា និង​លោក ហួរ ប៉េង​លាប ទៅ​ចូលរួម នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​

​លោក ឈួន ចន្ថា បាន​បន្តថា ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ យើង​មិនសូវ​មានសង្ឃឹម​ច្រើន ក្នុងការ​ដណ្ដើមយក​មេ​ដាយ ត្រឡប់មកវិញ​នោះទេ ដោយសា​តែ​ប្រទេស​ជាច្រើន គេ​បញ្ជូន​សុទ្ធតែ​កីឡាករ​ខ្លាំង ទៅ​ចូលរួម​ប្រកួត តែ​យើង​នៅមាន​សង្ឃឹម​ខ្លះៗ​ដែរ ចំពោះ​កីឡាករ ២ រូប គឺ​កីឡាករ ស្រី រាជបុត្រ និង​កីឡាការិនី ហុង គឹម​ហួយ​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​មួយ​នេះ ត្រូវបាន​គេ​រៀបចំ​ធ្វើឡើង រយៈពេល ៣ ឆ្នាំ​ម្ដង សម្រាប់​ការប្រកួត​លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ តុង​ហ្គី​ល​ម៉ូ​ដូ ធ្លាប់​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង ប៉ុន្តែ​ឆ្នាំនេះ យើង​នឹង​ខិតខំ​ប្រឹងប្រែង ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើមយក​មេដាយ មក​ជូន​ជាតិ​៕v

ការចេញដំណើរ​នៃ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​
#