តុលាការកោះកុង ដោះលែងជនជាប់​ចោទម្នាក់ដែលជឿតាមការញុះញង់ក្រុមទណ្ឌិតសម រង្ស៊ី

360
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ជនជាប់ចោទម្នាក់ដែលបំផុសចលាចង់មកទទួលទណ្ឌិត សម រង្ស៊ី គឺត្រូវបានសាលាដំបូង និងអយ្យការអមសាលាខេត្តកោះកុង ដោះលែងអោយនៅក្រៅឃុំជាបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ បន្ទាប់តុលាការពិនិត្យពិចារណាលើសំណុំរឿងចប់សព្វគ្រប់ និងមួយថ្ងៃនៃការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាលកម្ពុជា។

ក្រោយពីការឃុំខ្លួនអស់ពេល៩ថ្ងៃមក ជនជាប់ចោទឈ្មោះ ហ៊ុំ ស្រ៊ា ហៅណារ៉ុង  ភេទប្រុស អាយុ៤១ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ត្រូវបានសាលាដំបូងខេត្តកោះកុង បានដោះលែងអោយនៅក្រៅឃុំហើយ ស្របពេលចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញារង ពិនិត្យសំណុំរឿងរួចរាល់។

ជនជាប់ចោទដែលត្រូវបានដោះលែងមានកម្រិតវប្បធម៌ចំណេះដឹងទូទៅត្រឹមថ្នាក់ទី៥ កើតនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ ដោយបច្ចុប្បន្ននេះមានអាស័យដ្ឋានរស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមភូមិន្ទ ខេត្តកោះកុង។ ហើយរូបគេទើបត្រូវចាញ់បោកមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី បែរជាទៅប្រព្រឹត្តបទល្មើសរួមគំនិតក្បត់នេះ ជាការប្រព្រឹត្តលើកទីមួយ ដោយសារតែខ្លួនមានភាពល្ងង់ខ្លៅ ឆាប់ជឿលើការអូសទាញរបស់គេ។

តាមដីកាបង្គាប់អោយដោះលែងរបស់លោក ងួន ធីរ ចៅក្រមស៊ើបសួរ ធ្លាប់ចោទប្រកាន់ និងឃុំខ្លួនជនជាប់ចោទខាងលើពីបទៈ រួមគំនិតក្បត់ ដែលប្រព្រឹត្តនៅខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងប្រព្រឹត្តនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈប្រើប្រាស់បណ្តាញ សង្គម Facebook របស់ខ្លួន ដែលមានឈ្មោះថា Hom Sra ដោយបានផុសរូប និងសរសេរសារលើរូបភាពរបស់ខ្លួនថា « ខ្ញុំត្រៀមទទួល លោកប្រធាន សម រ ង្ស៉ី ចុះអ្នកវិញ ?»។ តុលាការចាត់ទុកថា ជាចេតនាគាំទ្រ​អូសទាញ និងបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលរួមក្នុងផែនការផ្តលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកឯបុរសឈ្មោះ ហ៊ុំ ស្រ៊ា អំឡុងពេលដើរចេញពីពន្ធនាគារខេត្តកោះកុង ក៏សូមអរគុណប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលមានចិត្តសណ្តោសប្រណីដល់រូបខ្លួនដែលជំនឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងសន្យាឈប់ប្រព្រឹត្តទង្វីខុសច្បាប់នេះទៀតហើយ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅ​ពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ « ថៃ ប៊ុន រ៉ុង » កាលពីថ្ងៃទី ១៤ វិច្ឆិកា បាន​បញ្ជាឱ្យដោះលែងជនសង្ស័យទាំងអស់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលចាញ់បោកការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៉ី ហើយរត់ទៅប្រទេសថៃ រត់ចេញពីលំនៅដ្ឋាននោះ វិលត្រឡប់ចូលប្រទេសកម្ពុជា ឬទៅកាន់លំនៅដ្ឋានវិញ ដោយរាជរដ្ឋាភិបាលនឹងមិនយកទោសពៃរ៍នោះទេ។

រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសទៀត​ថា ផែនការ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដែល​ប៉ុនប៉ង​ធ្វើ​ដោយ​លោក​ សម រង្ស៊ី តាមរយៈ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​នោះបាន​បរាជ័យ​ទាំងស្រុង ខណៈ​លោក រង្ស៊ី ក៏​អះអាង​ថា​លោក​នៅតែ​រក្សា​ផែនការ​ដើម្បី​វិល​ចូល​កម្ពុជា​វិញ​ឱ្យបាន​៕B/