តុលាការខេត្តកណ្តាល មិនទាន់​​ចោទ​ប្រកាន់ លោក ជិន ជឿន ​ប៉ូលិសខេត្តកណ្តាល ករណីវៃប្រពន្ធ​មិនទាន់រៀបការរលូតកូនអាយុ៤ខែ ​

70
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ អស់ពេលជាច្រើនខែមកហើយ ដែលសំណុំរឿងលោកស័ក្តិ៣ ជិន ជឿន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រងការចោទប្រកាន់ថា បានវៃប្រពន្ធមិនទាន់រៀបការបណ្តាលអោយរលូតកូនអាយុ៤ខែ មិនទាន់ត្រូវបានតុលាការខេត្តកណ្តាល ចោទប្រកាន់នៅឡើយទេ។

មជ្ឈដ្ឋាន ជាច្រើនសម្តែងការងឿងឆ្ងល់ ថា ហេតុអ្វីសំណុំរឿងនេះហាក់ស្ងប់ស្ងាត់ ខណៈជនសង្ស័យរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់នៅរសៀលថ្ងៃទី២៧ ខែមករា នេះ ថា សំណុំរឿងនេះ លោក ហោ លីណា ជាព្រះរាជអាជ្ញារង កំពុងចាត់ការនៅឡើយ ដោយពុំទាន់សម្រេចយ៉ាងណា នៅឡើយទេ។

នារីគ្រោះឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៧ឆ្នាំ អះអាងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និង ប្រើហិង្សាមានស្ថានទម្ងន់ មកលេីនាងបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ៤ខែ។

នារីរងគ្រោះ ធ្លាប់អះអាងប្រាប់ថា នាងសុំអោយតុលាការខេត្តកណ្តាល ចាត់ការលើលោក ជិន ជឿន តាមផ្លូវច្បាប់។

ទោះបីយ៉ាងណា លោក ជិន ជឿន បានបដិសេធថា មិនបានប្រើហិង្សាលើនារីរងគ្រោះទេ ពោលគឺ នាងបានដួលរលូតកូនដោយខ្លួនឯង៕B/