តុលាការអន្តរជាតិ​អះអាងថា​មាន​យុត្តាធិការ​ក្នុងការ​ស៊ើបអង្កេត​ការ​និរទេស​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដោយ​យោធា​មី​យ៉ាន់​ម៉ា​

3698
ចែករម្លែក
  • 26
    Shares

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC )បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៦កញ្ញាថា ខ្លួនមានយុត្តាធិការ(អំណាចស្របច្បាប់)ក្នុងការស៊ើបអង្កេតលើការនិរទេសក្រុមជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ដោយបង្ខំដោយយោធាមីយ៉ាន់ម៉ា ពីព្រោះវាអាចជាបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ចំណាត់ការនេះបានកើតឡើងគឺពីរបីថ្ងៃ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិនិង ការកាត់ទោសប្រមុខដឹកនាំកងទ័ពនិងមេបញ្ជាការយោធាមីយ៉ាន់ម៉ា៥នាក់ផេ្សងទៀត ចំពោះអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងសង្រ្គាមប្រឆាំងក្រុមជនរ៉ូហ៊ីងយ៉ា។

មនុស្សប្រហែល៧០០.០០០នាក់មកពីក្រុមជនជាតិភាគតិចអ៊ីស្លាមគ្មានរដ្ឋរ៉ូហ៊ីងយ៉ាបានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាខាញ ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីគេចពីការបង្ក្រាបដ៏បង្ហូរឈាមដោយយោធា។

សាលាក្តីអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអង្គជំនំជម្រះដំបូងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​​ បានសម្រចដោយមតិភាគច្រើនថា តុលាការនេះ អាចអនុវត្តយុត្តាធិការដែលជាសិទ្ធអំណាចតុលាការក្នុងការស៊ើបអង្កេតលើការនិរទេសជនជាតិជាតិរ៉ូហ៊ីងយ៉ាទាំងនោះពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដែស។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសនេះទេ កាលពីថ្ងៃព្រហស្បតិ៍៕ដោយ:សុខា/SN

 

ក្រុមជនរ៉ូហ៊ីងយ៉ា ដើរកាត់ទឹក បន្ទាប់ពីឆ្លងទន្លេNaf នៅពេលពួកគេរត់ភៀសខ្លួនចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ា ទៅបង់ក្លាដែស (ឯកសារឆ្នាំ២០១៧)