តុលាការ​កោះកុង​គាំទ្រ​ចំពោះ​សកម្មភាព​បង្ក្រាប​បទល្មើស​បរិស្ថាន​របស់​ភ្នាក់ងារនគរបាល​យុត្តិធម៌​

184
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​:​ប្រធាន​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​បានបង្ហាញ​ការគាំទ្រ​ពេញ​យ៉ាង​ទំហឹង​ទៅលើ​សកម្មភាព​បង្ការ​បង្ក្រាប​និង​ត្រួតពិនិត្យ​បទល្មើស​បរិស្ថាន​ក្នុង​តំបន់​ការពារ​អភិរក្ស​នាពេល​បច្ចុប្បន្ននេះ​។​តែ​ទោះយ៉ាងណា​ស្ថាប័ន​តុលាការខេត្ត​នៅតែ​ជំរុញ​ដល់​មន្ត្រី​និង​ភ្នា​ក់នគ​របាល​យុត្តិធម៌​បន្ត​តាមដាន​មុខសញ្ញា​ជនសង្ស័យ​ថែមទៀត​ដើម្បី​ការពារ​ធនធានធម្មជាតិ​របស់​រដ្ឋ​ឱ្យបាន​គង់វង្ស​។​

​លោក មីន មករា ប្រធាន​សាលាដំបូង និង​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​ឆ​ន្ទះ​ប្រឹងប្រែង​ល្បាត​ការពារ​ដី​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អភិរក្ស​បាន​យ៉ាង​ល្អ​ស្របតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​របស់​រដ្ឋាភិបាល​។​ដោយ​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ទៅ​រំលោភបំពាន​យក​ធ្វើជា​សម្បត្តិ​ឯកជន​នោះទេ​។​ខណៈ​កិច្ចការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​ពុំមែន​ងាយស្រួល​ទប់ស្កាត់ និង​ដោះស្រាយ​ឡើយ​។​

​ប៉ុន្តែ​ទោះយ៉ាងណា​ក្នុង​កិច្ចប្រជុំ​ពិនិត្យមើល​ល​ទ្ឋ​ផល​ការងារ​នៃ​ស្ថានភាព​បង្ការ​និង​បង្ក្រាប​បទល្មើស​វិស័យ​បរិស្ថាន​នៅក្នុង​ភូមិសាស្ត្រ​ចំនួន​៣​ស្រុកស្រែ​អំបិល​ស្រុក​បុ​ទុម​សាគរ​និង​តំបន់​យោធា​៣០៣​។​រសៀល​ថ្ងៃទី​២០​សីហា​ឆ្នាំ​២០១៩​ប្រធាន​អង្គភាព​អ្នកច្បាប់​ទាំងពីរ​បន្ត​ជំរុញ​ដល់​មន្ត្រី​និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​បង្កើន​ការយកចិត្តទុកដាក់​ថែមទៀត​លើ​កលល្បិច​ថ្មីៗ​របស់​ជនខិលខូច​ក្នុងការ​ប្រើប្រាស់​ឯកសារ​គតិយុត្តិ​មិន​សមស្រប​តាមច្បាប់​រប​ស់​អង្គភាព​មាន​សមត្ថកិច្ច​ដើម្បី​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​និង​ចាត់ចែង​ដីធ្លី​ដែលជា​សម្បត្តិ​រដ្ឋ​ឱ្យបាន​គង់វង្ស​ល្អ​។

​ថ្មីៗ​នេះ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ក៏​នឹង​រៀបចំ​ជា​ឯកសារ​ជូនដំណឹង​ពី​ចំណុច​ដែល​រង​ការបំពាន​ដោយ​ជនល្មើស​ទោះ​ស្គាល់មុខ​ក្តី​មិន​ស្គាល់​ក្តី​ទៅដល់​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ដោយ​ភ្ជាប់​ទាំង​ផែនទី​បញ្ជាក់​ពី​ទីតាំង​ដី​ដែល​រង​ការរំលោភបំពាន​បន្ទាប់​ពី​ទទួល​សំណុំរឿង​ប្តឹង​ដោយ​មន្ទីរ​បរិស្ថាន​។​ដូច្នេះ​គ្រប់​មន្ត្រី​ឧទ្យាន​ជាតិ​និង​មន្ទីរ​បរិស្ថាន​ចាំបាច់​ពិនិត្យ​ស្រាវជ្រាវ​រាល់​ការចេញលិខិត​បញ្ជាក់​ឬ​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។​

​លោក​រស់​សា​រាំ​ក៏បាន​រំលេច​អំពី​សារ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ដែល​បង្ហោះ​សារ​តាម​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក កន្លងទៅ​ថ្មីៗ​នេះ​ថា​«​គ្មាន​នរណាម្នាក់​អាចមាន​សិទ្ធិ​ទន្ទ្រាន​កាន់កាប់ លក់ដូរ ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ឬ​បញ្ជា​ក់លើ​លិខិតស្នាម​កាន់កាប់ ឬ​លក់ដូរ​ដី​ក្នុង​តំបន់ការពារធម្មជាតិ​បានឡើយ​។

ការទន្ទ្រាន​កាន់កាប់ ការលក់ដូរ​ការផ្ទេរ​ដី​ក្នុង​តំបន់ការពារធម្មជាតិ​គឺ​ផ្ទុយ​នឹង​ច្បាប់​ភូមិបាល​និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​»​។​គិត​ចាប់ពី​ដើមខែ​មករា​ឆ្នាំ​២០១៩​មកទល់ពេលនេះ​សាលាដំបូង​ខេត្តកោះកុង​ប្រកាស​សាលក្រម​សំណុំ​រឿងក្តី​បទ​ល្មើ​ល​បរិស្ថាន​បាន​ចំនួន​៧៩​សាលក្រម ជាក់ស្តែង​កំពុង​បន្ត​ជំនុំជម្រះ​សវន​ការបន្ថែម​។​

​ដោយឡែក​លោក​ម៉ន​ផល្លា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​អះអាងថា​មន្ទីរ​បរិស្ថាន​និង​មន្ត្រី​ជំនាញ​របស់លោក​កំពុង​តាមដាន​ឃ្លាំង​មើល​បង្ក្រាប​យ៉ាង​ហ្មត់ចត់​បំផុត​។​ចំពោះ​សកម្មភាព​ជនល្មើស​តែងតែ​រំលោភបំពាន​ដីព្រៃ​ហើយ​ព្រមទាំង​បាន​ផ្សព្វផ្សាយ​អប់រំ​យន្តការ​នីតិវិធី​ច្បាប់​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ជៀសវាង​ចុះហត្ថលេខា​ទទួលស្គាល់ ការទិញ​លក់ ឬ​ប្រគល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ការពារ​អភិរក្ស​។​

​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដី​តំបន់ការពារធម្មជាតិ​ជា​គោល​ការ​ច្បាប់​ក្នុង​តំបន់​នោះ​ត្រូវ​បានកំណត់​ជា​បួន​តំបន់ ទីមួយ​តំបន់​ស្នូល ទី​ពីរ​តំបន់​អភិរក្ស ទី​បី​តំបន់​ប្រើប្រាស់​ដោយ​ចេរភាព និង​ទី​បួន​តំបន់​សហគមន៍ ។ នៅ​ក្នង​តំបន់​ទាំង​បួន​នេះ​លោក​បាន​បញ្ចាក់​ទៀតថា​មាន​បី​តំបន់​ដែលជា​តំបន់​ហាម​ហាមឃាត់​ក្នុង​ការចូលទៅ​ទន្ទ្រាន​កាន់កាប់​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ។​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​សង្កត់ធ្ងន់​បន្ថែមថា​មានតែ​តំបន់​មួយគត់​គឺ​តំបន់​សហគមន៍​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដើម្បី​គ្រប់គ្រង​ដី​ជា​លក្ខណៈ​បុគ្គល​បាន​ប្រសិនបើ​ពលរដ្ឋ​ណា​សង្ស័យថា​ខ្លួន​ជាប់​ក្នុង​ដែន​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​។​

ត្រូវ​ប្រញាប់​មកសុំ​ការទំនាក់ទំនង​សាកសួរ​ព័​ត៌​មកដល់​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​ដែល​ឈរជើង​នៅតាម​មូលដ្ឋាន​ដើម្បី​ងាយស្រួល​ដល់​ខាង​មន្ទីរ​បរិស្ថាន​ចុះ​ធ្វើការ​ពិនិត្យ​អោយដឹង​ច្បាស់​ថា​ដី​កន្លែង​ណា​ជា​ដី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​និង​ដី​កន្លែង​ណា​ជា​ដី​ដែល​អាច​រស់នៅ​បង្កបង្កើនផល​បាន និង​មិន​ប្រឈម​ចំពោះមុខ​ច្បាប់​។​

​ជាក់ស្តែង​គឺ​រាល់​ការចុះហត្ថលេខា​របស់​អា​ជ្ញា​ធរ​ភូមិ​ឃុំ​ស្រុកលើ​លិខិត​កាន់កាប់​ដីធ្លី​ឬ​ការលក់ដូរ​ដីធ្លី​នៅក្នុង​តំបន់ការពារធម្មជាតិ​នោះ​ច្បាប់​មិន​អនុ​ញ្ញា​ត្ត​ទេ​។​គឹ​វា​ផ្ទុយ​ពី​ច្បាប់​ករណីនេះ​សុំអោយ​ដកខ្លួន​ចេញ​ជាបន្ទាន់​។​តាម​របាយការណ៍​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បង្ហាញថា​កម្លាំង​មន្ត្រី​ឬ​ភ្នាក់ងារនគរបាល​យុត្តិធម៌ បាន​បង្ក្រាប​បទល្មើស​ប​រិ​ស្ថាន​ជាង​៦០០​ករណី ឃាត់ខ្លួន​មនុ​ស្សប​ញ្ចូ​ន​មក​តុលា ការ ចំនួន ៧៦​ករណី អប់រំ​ពិន័យ បែប​រដ្ឋបាល​១១​ករណី និង​រឹបអូស​វត្ថុតាង​ប្រមាណ​ជា​១០០​ករណី​៕S/​

#