តុលាការ​កោះហៅ​លោក​សមរង្ស៊ី និង​ភរិយា ព្រម​តាំង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៤ នាក់ ចូល​បំភ្លឺ​ពាក់ព័ន្ធ​ការបង្កើត​ចលនា​ខុសច្បាប់​

1423
ចែករម្លែក

ភ្នំពេញ៖ យ៉ាងហោចណាស់ អតីត​ថ្នាក់ដឹកនាំ និងជាអតីត​អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៦ នាក់ រួមមាន លោក​សមរង្ស៊ី និង​ភរិយា គឺ​លោកស្រី​ជូ​ឡុង​សូ​ម៉ូ​រ៉ា លោក អេងឆៃអ៊ាង លោក នុតរំដួល លោកហូរវ៉ាន់​ និងលោកតុវ៉ាន់ចាន់ ​ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​កោះហៅ ក្នុងនាម​ជា​ជនសង្ស័យ ឲ្យ​ចូល​បំភ្លឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​។ អ្នកនយោបាយ​ទាំង ៦​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​តុលាការ​ចាត់ទុកជា​ចលនា​ខុសច្បាប់​។​

​តាម​ដីកា​កោះហៅ​ចេញ​ដោយ​លោក​សៀង​សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦ នាក់ រួមមាន​៖
​ទី​១៖ លោក សម រង្ស៊ី កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
​ទី​២៖ លោក អេង ឆៃអ៊ាង កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៣៖ លោកស្រី ជូ​ឡុង សូ​មួ​រ៉ា កោះ​ហៅចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
​ទី​៤៖ លោក ហូរ វ៉ាន់ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៥៖ លោក នុត រំដួល កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៦៖ លោក តុ វ៉ាន់​ចាន់ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​

​ដីកា​កោះហៅ​នោះ ត្រូវបាន​ប៉ូលិស​យកទៅ​បិទ​នៅ​របង​អតីត​ទីស្នាក់កា​រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ផ្ទះ​របស់លោក​សមរង្ស៊ី នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​២ នា​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។​

​លោក សៀង សុខ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាត់ទុក​អ្នកនយោបាយ​ទាំងនោះ ជា ជនសង្ស័យ​ក្នុង​សំណុំរឿង បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ក្នុងសង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង​ផ្តួលរំលំ​អាជ្ញាធរ​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖ ម៉េង​ឆៃ​