តុលាការ​កោះហៅ នី មុនីនាថ ឲ្យ​ចូល​បំភ្លឺ លើ​ករណី​បណ្ដឹង​របស់​អតីត​គូ​ដណ្ដឹង​ពីបទ​ឆបោក​ ​

834

(​ភ្នំពេញ​) ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ នី មុនីនាថ តារា​សម្ដែង​ដែលមាន​ប្រជាប្រិយភាព​ផ្នែក​កម្សត់​និង​ពូកែ​​សម្រក់​ទឹកភ្នែក ឲ្យ​ចូលខ្លួន​បំភ្លឺ​លើ​ករណី​បណ្តឹង​របស់លោក អ៊ឹង សូ​ឡាង អតីត​គូ​ដណ្ដឹង ពីបទ​ឆបោក និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​។​
​ ​
​តាម​ដីកា​កោះហៅ​របស់​ចៅក្រម​ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ បាន​បញ្ជាក់ថា តារា​ស្រី​កញ្ញា នី មុនីនាថ​ត្រូវ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ នា​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បន្ទប់ គ​១ ជាន់​ទី​៣​។ កញ្ញា នី មុនីនាថ​បច្ចុប្បន្ន​​មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ ​
​សូមបញ្ជាក់ថា នៅក្នុង​ពាក្យបណ្តឹង​របស់លោក អ៊ឹង សូ​ឡាង ដែល​ប្តឹង​កញ្ញា នី មុនីនាថ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​គឺ​បាន​លើក​​ហេតុផល​សំអាង​មាន​ចំនួន​២​ចំណុច គឺ​ប្ដឹង​ពីបទ​ឆបោក​លុយ និង​រំលោភ​លើ​សេចក្ដីទុកចិត្ត ខណៈ​កញ្ញា នី មុនីនាថ​តែង​ឆ្លើយ​បដិសេធ​​មិន​ព្រម​រៀបការ​ស្របច្បាប់ ចេញទៅ​រស់នៅ​ក្រៅប្រទេស​ជាមួយ និង​ថែមទាំង​លុបចោល​ការភ្ជាប់​ពាក្យ​ដោយ​សំអាង​លើ​ហេតុផល​ថា លោក អ៊ឹង សូ​ឡាង មិនចេះ​ប្រើស​ម្តី​ផ្អែមល្ហែម​ជាមួយ​នាង​។​
​ ​
​នៅក្នុង​ពាក្យបណ្តឹង​របស់លោក អ៊ឹម សូ​ឡាង ដដែល​នោះ ក៏បាន​ប្តឹង​ទាមទារ​សំណង​សរុប​មាន​ចំនួន ១២ ម៉ឺន​ដុល្លារ​ដោយ​ក្នុងនោះ​លោក​​បានធ្វើការ​ទាមទារ​ឲ្យ នី មុនីនាថ សង​ប្រាក់​ចំនួន​៧០.០០០ ដុល្លារ និង សំណង​ជំងឺ​ចិត្ត​ចំនួន ៥០.០០០ ដុល្លារ ផងដែរ​៕ដោយ៖វិបុល/sn