តុលាការ​កំពុង​សាកសួរ​ខ្មាន់កាំភ្លើង​ដែល​បាញ់​ស្ត្រី​ម្នាក់​ឲ្យ​របួសធ្ងន់ នៅ​ក្លឹប​កម្សាន្ត លុ​ច្ស​សារី​

525
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ជនសង្ស័យ​ដែល​បាញ់​ស្ត្រី​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ នៅក្នុង​ក្លឹប​កម្សាន្ត លុ​ច្ស​សារី​បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​ដើម្បី​ឲ្យ​អ្នកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​តាម​នីតិវិធី​។​

​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​នាំខ្លួន​កូនប្រុស ដែលជា​ជនសង្ស័យ​ទៅ​សារភាព​កំហុស ចំពោះមុខ​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ឈ្មោះ វីន សុក្រ​បញ្ញា ភេទ​ប្រុស អាយុ ២៧​ឆ្នាំមាន​ទីលំនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នឹម លី​ណា ភេទ​ស្រី អាយុ ២៩​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​បាញ់ប្រហារ​បណ្តាល​ឲ្យ​បាក់​ភ្លៅ​ជនរងគ្រោះ បាន​កើតឡើង​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ក្លឹប​កម្សាន្ត លុ​ច្ស​សារី មាន​ទីតាំង​ផ្ទះ​លេខ​៥៣ ផ្លូវ​២១៤ ភូមិ​៥ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ករណី​បាញ់ប្រហារ​ជនរងគ្រោះ​ខាងលើ ត្រូវគេ​រាយការណ៍​ថា​អាច​ផ្តើមចេញពី​ទំនាស់​ស្នេហា​ត្រីកោណ ព្រោះ​គេ​ឃើញ​មាន​ជនសង្ស័យ​ជា​បុរស​២​នាក់ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​ប្រដាប់​ដោយ​អាវុធខ្លី​ក្នុង​ដៃ​ម្នាក់ ១​ដើម ចូលក្នុង​ក្លឹប ទើប​ឈានដល់​ជម្លោះ​បាញ់​ជនរងគ្រោះ​តែម្តង​៕ ល​