តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​ការចាប់​ជំរិត​ទារប្រាក់​ពី​មិត្តភក្តិ

497
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
ជនសង្ស័យ ៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់​មិត្តភក្តិ​ខ្លួនឯង​ពី​រាជធានី​ភ្នំពេញ​រួច​នាំទៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដើម្បី​ជំរិត​ទារប្រាក់​បាន​ចំនួន​ចំនួន ១,៥០០​ដុល្លារ​អាមេរិក​ត្រួវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូនមក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​តាមច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​លោក​ងិន ពេ​ជ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​បុរស​ឈ្មោះ ព្រាប វណ្ណៈ អាយុ​២៩​ឆ្នាំ ជា​ជនដៃដល់ មុខរបរ​លក់​ផលិតផល​អាហារ​បំប៉ន បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ឈ្មោះ វ៉ាន់ ស្រេ​ត អាយុ​២៨​ឆ្នាំ រស់នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​អ្នកសមគំនិត ឈ្មោះ ព្រាប វណ្ណា អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​អ្នកបើករថយន្ត​ត្រូវជា​ប្អូនប្រុស​បង្កើត​ជនដៃដល់​និង​ឈ្មោះ​កង គឹម​ហឿន អាយុ​៤១​ឆ្នាំ​បាន​ត្រូវ​នគរបាល​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន នា​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះសំណាក់​ប៉ោយប៉ែត ស៊ី​ធី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រតិបត្តិការ​ខាងលើនេះ បាន​ធ្វើឡើង​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​នាយកដ្ឋាន​គរ​បាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ស្តីពី​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ភ្នំពេញ​រួច​បញ្ជូន​ជនរងគ្រោះ​ទៅ​ក្រុ​ប៉ោយប៉ែត​។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ខាងលើ​ហើយ កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន ដាក់​កម្លាំង​ពង្រាយ​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ដើម្បី​ស្វែងរក​ចាប់​មុខសញ្ញា​ជនសង្ស័យ​។ ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក​លុ​ច្ស​ស៊ី​ស​300 ពណ៌​កាំ​ម៉ៃ ស្លាក​លេខ​ភ្នំពេញ 2AL- 8004 ដឹក​ជនរងគ្រោះ​គេច​ពី​ការឆែកឆេរ​របស់​សម​ត្ថ​កិច្ច មក​ទម្លាក់ចោល​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ពួកគេ​ទាំង​៣​នាក់ ទៅ​ជួល​ផ្ទះសំណាក់​ប៉ោយប៉ែត​ស៊ី​ធី​សម្រាក ក្រោយពី​ពួកគេ​ទទួលបាន​ប្រាក់ ១,៥០០​ដុល្លារ ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​រួចហើយ​។​

​ជនរងគ្រោះ​ឈ្មោះ ថៅ ណាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​បំភ្លឺថា រូបគេ និង​ជនដៃដល់ ទើបតែ​ស្គាល់​រាប់អាន​គ្នា​ជា​មិត្តភក្តិ បាន​ជាង​១​ខែ​ប៉ុណ្ណោះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​។ នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ឈ្មោះ ព្រាប វណ្ណៈ បាន​ទូ​ស័ព្ទ​ហៅ​រូបគេ ពី​កន្លែងធ្វើការ​ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​។​

​ក្រោយមក ពួកគេ​ក៏​ឡើង​ជិះ​រថយន្ត​ជាមួយគ្នា ចេញពី​ចំណុច​ម្តុំ​បុរី​ពិភពថ្មី​ចំការ​ដូង ចូលមក​ក្រុងភ្នំពេញ​ជាង ១​ម៉ោង ទើប​ក្រុម​ជនដៃដល់ បាន​ដឹក​រូបគេ​ចេញពី​ភ្នំពេញ​ឆ្ពោះ​មក​ខាង​ព្រែកលៀប បន្ទាប់មក​ក៏បាន​បិទមុខ យក​ស្កុ​តរុំ​ដៃ​ជាប់ យក​កាំភ្លើង​ភ្ជុង ដោយ​គំរាម​កុំឱ្យ​ស្រែក ហើយ​ជនដៃដល់ ក៏បាន​ឱ្យ​រូបគេ​ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ ទារប្រាក់ ៣​ពាន់​ដុល្លារ ឱ្យ​វេរ​ចូល​កុង​ធនាគារ​របស់​ជនដៃដល់​ឈ្មោះ ព្រាប វណ្ណៈ​។

លោក​បាន​បន្ថែមទៀតថា ក្រុមគ្រួសារ​ជនរងគ្រោះ ក៏បាន​វេរ​ប្រាក់​ចូល​កុង​ធនាគារ​ជនសង្ស័យ​បានតែ ១,៥០០​ដុល្លា​ប៉ុណ្ណោះ រួច​ក៏បាន​ប្តឹងទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​បាន​ទំនាក់ទំនង​ទទួល​ព័ត៌មាន​មក​ថា ក្រុម​ជនល្មើស​ធ្វើដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ​។ ភ្លាមនោះៗ កម្លាំង​នគរបាល​ក៏បាន​ស្រាវជ្រាវ​បង្ក្រាបបាន​ជនសង្ស័យ​ទាំង​៤​នាក់ នៅក្នុង​ផ្ទះសំណាក់​ប៉ោយប៉ែត ស៊ី​ធី ក្រុង​ប៉ោយប៉ែត តែម្តង​៕