តុលាការ​កំពុង​សាកសួរ​មន្ត្រី​អាវុធហត្ថ​ម្នាក់ ​ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​របួស​បាក់ជើង

808
ចែករម្លែក

ដោយ : ស​រិ​ទ្ធ​/​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ដែល​បាន​បាញ់​កម្លាំង​ប្រជា​ការពារ​ម្នាក់ឲ្យ​របួស​បាក់ជើង នៅ​ទួល​សង្កែ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌឫស្សីកែវ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​លោក​តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​ម​ន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ​នៅឡើយ ​ពោលគឺ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​

មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រូបនេះ​មានឈ្មោះ ឡាយ អ៊ឹង​ឃី​ង អាយុ​២៧​ស្នាក់នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២និង៣០ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់ចំណុច មុខផ្ទះ​ល្វែង A4 តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ជនរងគ្រោះ​ខាងលើ ត្រូវរបួស​ជើង​ខាងស្តាំ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បានចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុង​មូលដ្ឋាន​។ នៅពេល​សមត្ថកិច្ច ល្បាត​មកដល់​ចំណុច​ជិត​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី ក៏បាន​ប្រទះឃើញ​ក្រុមក្មេងស្ទាវ២​ក្រុម កំពុង​វាយតប់​គ្នា​តែ​នៅពេល​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍ ក្រុម​ក្មេងៗ​ក៏បាន​ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន​។​ ​ភ្លាមៗ នោះ​កម្លាំង​ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ចូលទៅ​តាមផ្លូវ​បេតុង (​គ្មាន​លេខ​) មុខផ្ទះ​ល្វែងA4 ដែលជា​កន្លែងកើតហេតុ ទើប​ឃាត់​ម៉ូតូ​ជនសង្ស័យ​បម្រុង​ឆែកឆេរ និង​សួរនាំ​ស្រាប់តែ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល និង​មាន​សភាព​ស្រវឹងស្រា ហើយ​នៅ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម​ម៉ាក Lock ពណ៌​ខ្មៅ ចេញពី​ក្នុងផ្ទះ​បាញ់​ចំនួន​មួយ​គ្រាប់ ក៏​ផ្អើល​នគរបាល​ប្រាប់​ឲ្យ​កម្លាំង​ពួន​ក្រាប រក​កន្លែង​មាន​សុវត្ថិភាព​សិន និង​រាយការណ៍​តាម​វិទ្យុទាក់ទង​សុំ​កម្លាំង​ជួយ​អន្តរាគមន៍​។​

បន្តិចក្រោយមក ជនសង្ស័យ​បាន​បន្ត​បាញ់រះ​ជាច្រើន​គ្រាប់ រហូត​អស់​គ្រាប់​ពី​បង់​កាំភ្លើង និង​បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ជើង​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ​៕​B