តុលាការ​កំពុង​សាកសួរ បុរស​ជនជាតិ​ចិន​ដែល​ដឹក​លុយ​ជាង ៨៥​ម៉ឺន​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុងកុង ចូល​ប្រទេស​កម្ពុជា​

573
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​ចិន​ម្នា​ក់ជាប់​ពាក់ព័ន្ធ​ករណី​ដឹក​លុយ​ជាង ៨៥​ម៉ឺន​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុងកុង ចូល​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​បាន​ត្រូវ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​លោក​សាយ​ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​។​

​ជនសង្ស័យ ឈ្មោះ LIAO JINGQING ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ កាន់​លិខិតឆ្លងដែន លេខ EG0115690 ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​រកឃើញថា បាន​នាំ​លុយ​ចំនួន ៨៥៥,០០០ ដុល្លារ ពី​ទីក្រុង​ហុងកុង ចូល​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាពថា រូបគេ​ធ្លាប់បាន​នាំយក​លុយ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា ចំនួន ០២​លើក ដោយ​លើក​ទី​១ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ និង​លើក​២ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

​សមត្ថកិច្ច​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ សមត្ថកិច្ច ធ្លាប់បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន ៣​នាក់ ដែល​នាំ​លុយ​ចូល​ខុសច្បាប់ ចំនួន ៣,៥២០,០០០ ដុល្លារ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​ផងដែរ​៕ ល​