តុលាការ​កំពូល​ច្រានចោល​ការប្តឹង​ទាស់​សុំ​នៅក្រៅ​ឃុំ​របស់លោក គឹម សុខ

406

(​ភ្នំពេញ​) ៖ តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​នេះ បានសម្រេច​បដិសេធ​ច្រានចោល​ការប្តឹង​ជំទាស់​សុំ​នៅក្រៅ​ឃុំ​របស់លោក គឹម សុខ ដោយ​រក្សា​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល​។​
​ ​
​តុលាការ​កំពូល ក៏បាន​បដិសេធ​ការតវ៉ា​ប្តឹង​ជំទាស់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​បំពេញ​កិច្ច​ជួប​​ជាមួយ​ដើមបណ្តឹង ដោយ​តម្កល់​ការសម្រេច​របស់​សាលាដំបូង​ទុកជាបានការ​ដដែល​ទៀត​។​
​ ​
​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល បានប្រកាស​សាលដីកា​នៃ​សំណុំរឿង​មុន​អង្គសេចក្តី​ចំនួន​​ពីរ​របស់លោក គឹម សុខ​។ សំណុំរឿង​២​នោះ​រួមមាន​ករណី លោក គឹម សុខ ប្តឹង​ជំទាស់​នឹង​ដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ និង ដីកា​សម្រេច​មិន​អនុញ្ញាត​ឲ្យ​មានការ​បំពេញ​កិច្ច​ជួប​សួរ​តទល់​ជាមួយ​ដើមបណ្តឹង​។ នេះ​បើតាម លោក គី តិច មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ដើមបណ្តឹង​។​
​ ​
​លោក គឹម សុខ ដែល​អះអាងថា ខ្លួន​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​ក្រោម​ចោទ​​ប្រកាន់​ពីបទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ កាលពី​ខែមីនា ឆ្នាំ​២០១៧ កន្លងទៅនេះ​បន្ទាប់​ពី​មេធាវី​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​ពាក្យបណ្តឹង​មួយ​ទៅ​តុលាការ​។ ការសម្រេច​ឃុំខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក គឹម សុខ និយាយ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាន​កម្ពុជា​ថា ជា​អ្នករៀបចំ​ឃាតកម្ម​លើ លោក កែម ឡី តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕ ​ដោយ ៖វិបុល

អ្នកវិភាគ​នយោបាយ និង​សង្គមជើងថ្មី​ខ្បះបទពិសោធន៍លោក គឹម សុខ