តុលាការ​កំពូល​បើកសវនាកា​រ​ថ្ងៃទី​១១​មេសា​សំណុំរឿង​គប់​គ្រាប់បែក​សម្លាប់​មួយ​គ្រូ​សារ​នៅ​ខណ្ឌ​សែន​សុខ

1512
ចែករម្លែក

​​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ឯកសារ​តុលាការ​កំពូល​បាន​បង្ហាញថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​សំណុំរឿង​គប់​គ្រាប់បែក សម្លាប់​មួយ​គ្រួសារ នៅ​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បណ្តាលឱ្យ​កុមារា​ម្នាក់​អាយុ​១១​ឆ្នាំ​ស្លាប់ និង​៥​នាក់​រងរបួស​ធ្ងន់​ស្រាល ដែលមាន​អតីត​ចៅសង្កាត់​គោក​រកា​ជា​មេខ្លោង ។
​សវនាការ​នេះ​ដឹកនាំ ដោយ​លោក សឹង បញ្ញា​វុ​ឌ្ឈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក អ៊ុក គឹម​សិទ្ធិ ជា​តំណាង​មហាអយ្យការ ។

​គួររំលឹកថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍​ស​ម្រេ​ដូចគ្នា​ប្រកា​ផ្តន្ទាទោស​ក្រុម​ជនល្មើស​៤​នាក់​​ដាក់ពន្ធនាគារ​ចន្លោះ​ពី​៣០​ឆ្នាំ​ដល់​មួយជីវិត ។ តុលាការ បាន​ផ្តន្ទាទោស​ឈ្មោះ ភី ណុប អាយុ​៤៦​ឆ្នាំ ជា​អតីត​ចៅសង្កាត់​គោក​រកា និង ឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ អាយុ​២៧​ឆ្នាំ ជា​ជនដៃដល់ ដាក់ពន្ធនាគារ​ម្នាក់ៗ​មួយជីវិត ។

​ផ្តន្ទាទោស​ឈ្មោះ ពៅ ប៊ុនធឿន អាយុ​២៣​ឆ្នាំ ជា​អតីត​ប្រធាន​សហគមន៍​អណ្តូង​៦ និង ឈ្មោះ អេង បូ​លីន ដាក់ពន្ធនាគារ​ម្នាក់ៗ​៣០​ឆ្នាំ ។ ក្រុម​ជនជាប់ចោទ ត្រូវ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​រាប់លាន​រៀល​ផងដែរ​។​មន្ត្រីនគរបាល​មូលដ្ឋាន​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់ថា មូលហេតុ​ដែល​អតីត​ចៅសង្កាត់​គោក​រកា បាន​ជួល​ឃាតក គប់​គ្រាប់បែក​ប៉ង​សម្លាប់​មួយ​គ្រួសារ​នោះ ដោយសារតែ​លោក ភី ណុប ច្រណែន​នឹង​ជនរងគ្រោះ ដែល​គ្រោង​ឈរឈ្មោះ ជា​ចៅសង្កាត់ ហើយ​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​ការរកស៊ី​ក្នុង​មុខ​ជំនួញ​ដីធ្លី​ផងដែរ​។​

​មន្ត្រីនគរបាល​បន្តទៀត​ថា មុនពេល​ប៉ង​សម្លាប់​ជនរងគ្រោះ​អតីត​ចៅសង្កាត់​គោក​រកា លោក ភី ណុប បាន​សន្យាថា នឹង​ឱ្យ​លុយ​ឃាតក​ចំនួន​មួយ​ម៉ឺន​ដុល្លារ បើ​ធ្វើ​កិច្ចការ​នេះ បានសម្រេច​។ ប៉ុន្ដែ​ពេលធ្វើ​សកម្ម​ភាពមិន​ចំ​គោលដៅ ហើយ​ជនរងគ្រោះ មិន​ស្លាប់​នោះ មេខ្លោង​បាន​ត្រឹម​ផ្ដល់​លុយ​ចំនួន​៥០០០​ដុល្លារ​ប៉ុណ្ណោះ​៕S/

​តុលាការ​កំពូល​បើកសវនាកា​រ​ថ្ងៃទី​១១​មេសា​សំណុំរឿង​គប់​គ្រាប់បែក​សម្លាប់​មួយ​គ្រូ​សារ​នៅ​ខណ្ឌ​សែន​សុខ