តុលាការ​កំពូល​ប្រកាស​តម្កល់​សាលដីកា​រឿង​លោក ហេង ពៅ ឲ្យ​ជាប់ទោស​១៤​ឆ្នាំ​ដដែល​

251

(​ភ្នំពេញ​) ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០១៧ បានសម្រេច​តម្កល់​សាលដីកា​អតីត​ស្នងការ​ក្រុងភ្នំពេញ​លោក​ហេង ពៅ ករណី​រក្សាទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រមាណ​៣​ម៉ឺន​ដុល្លារ​អាមេរិក​។

​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក សឹង បញ្ញា​វុ​ឌ្ឈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ច័ន្ទ តារា​រស្មី ជា​តំណាង​មហាអយ្យការ​។

លោកហេង ពៅ ដែលត្រូវនាំខ្លួនទៅកាលសាលាឧទ្ធរណ៍កាលពីពេលកន្លងទៅ

មន្ត្រី​តុលាការ បញ្ជាក់ថា បច្ចុប្បន្ន​លោក​ហេង ពៅ មានទោស​ជិត​១០០​ឆ្នាំ ពាក់ព័ន្ធ​រឿងក្ដី​ជាច្រើន​សុទ្ធតែ​រឿងក្តី​ធំ​ពិសេស​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព និង ប៉ុនប៉ង​បាញ់សម្លាប់​លោក អ៊ុក សាវុធ​ព្រះរាជអាជ្ញា​តុលាការ​​ក្រុងភ្នំពេញ ដែល​បច្ចុប្បន្ន​ជា​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​។​
​ ​
​គួរបញ្ជាក់​ថា​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូនទៅ​តុលាការ​កំពូល ដើម្បី​ជំនុំជម្រះ​សំណុំរឿង​ចំនួន​ពីរ សំណុំរឿង​ទីមួយ​គឺ​បទល្មើស​រក្សាទុក​ប្រាក់​ក្លែងក្លាយ ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ និង សំណុំរឿង​ទី​ពីរ គឺ បទល្មើស បង្ខាំង​មនុស្ស​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០០៣៕ ដោយ​៖​វិបុល​/sn