តុលាការ​កំពូល​ផ្តន្ទាទោស “​ជួប សម្លាប់​” ដាក់ពន្ធនាគារ​អស់​មួយជីវិត​ដដែល ករណី​សម្លាប់​បណ្ឌិត កែម ឡី

324
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ បានប្រកាស​សាលដីកា សម្រេច​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារ​អស់​មួយជីវិត​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​។​

​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ឃាតកម្ម​មួយ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ​ដោយមាន​លោក គង់ ស្រ៊ី​ម​អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ និង​លោក អ៊ុក គឹម​សិទ្ធ អគ្គព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល ជា​តំណាង​មហាអយ្យការ​។​

​គួរ​បញ្ជាក់ថា ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​កាលពីដើមឆ្នាំ​២០១៧ ដាក់ ពន្ធនាគារ​អស់​មួយជីវិត ពីបទ ឃាតកម្ម​គិតទុក​ជាមុន និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​។ ដោយ​យល់ថា​ខ្លួន​មិនទាន់​ទទួលបាន​យុត្តិធម៌ ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ បាន​ប្តឹង​ឧទ្ធរណ៍ ប៉ុន្តែ​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅ​។​ជនជាប់ចោទ​កើតទុក្ខ​ពុំ​សុខចិត្ត និង​សម្រេចចិត្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​។​

​គួររំលឹកថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ យកទៅ​សាកសួរ ទើប​ជនជាប់ចោទ​សារភាពថា រូបគេ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះតែ​រឿង​ជំពាក់​លុយ​មិន​សង​៕ ល​