តុលាការ​កំពូល​មី​យ៉ាន់​ម៉ា ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍​របស់​អ្នកយក​ព័ត៌មាន​រ៉​យ​ទ័រ​២​នាក់​

196
ចែករម្លែក

​តុលាការ​កំពូល​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា​បាន​ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍រ​បស់​អ្នកកាសែត​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​២​នាក់​ដែល​ត្រូវបាន​ផ្តន្ទាទោស​អោយ​​ជាប់គុក​៧​ឆ្នាំ ចំពោះ​ការរាយការណ៍​អំពី​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​ឥឡូវ ពួក​គេ​រំពឹង​លើ​ការលើកលែងទោស​របស់​ប្រធានាធិបតី​។​

​អ្នកយក​ព័ត៌មាន​Wa Lone អាយុ​៣៣​ឆ្នាំ និង​Kyaw Soe Oo​អាយុ​២៩​ឆ្នាំ បាន​ស្ថិតក្រោម​ការ​ឃុំឃាំង​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០១៧​។​ពួកគេ​ត្រូវបាន​ចោទប្រកាន់​និង​ដាក់ទោស​​ចំពោះ​ការ​មាន​ឯកសារ​សម្ងាត់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​សន្តិសុខ​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​ក្នុងអំឡុង​ការបង្ក្រាប​ដោយ​យោធា​យ៉ាង​ឃោរឃៅ​លើ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​បង្ខំ​អោយ​​ពួកគេ​ប្រមាណ​៧៤០.០០០​នាក់​ភៀសខ្លួន​ចូល​បង់​ក្លា​ដែស​។​

​សាលក្រម​កាលពី​ខែ​កញ្ញា​នេះ​ត្រូវបាន​តុលាការ​ជាន់ខ្ពស់​ក្រុង​យ៉ាងហ្គោន​រក្សាទុកដ​ដែល​កាលពី​ខែ​មករា​។​

​កាលពី​ថ្ងៃ​អង្គារ អ្នកយក​ព័ត៌មាន​ទាំង​២​មិន​បាន​មាន​វត្តមាន​នៅ​តុលាការ​ជាន់ខ្ពស់​ក្នុង​ទីក្រុង​ណៃពី​ដោ​ដើម្បី​ស្តាប់​ការសំរេច​ក្តី​ទេ តែ​ភរិយា​របស់​ពួកគេ​បាន​មាន​មុខ​នៅ​ទីនោះ​។​​ក្រោម​ប្រព័ន្ធយុត្តិធម៌​មី​យ៉ាន់​ម៉ា អ្នកកាសែត​ទាំងពីរ​អាច​ប្តឹង​ឧទ្ធរណ៍​ទៅកាន់​ចៅក្រម​តុលាការ​កំពូល​២​ដង​ទៀត តែ​វា​មិន​ច្បាស់​ថា​តើ​ពួកគេ​នឹង​ព្យាយាម​ជ្រើស​យក​ជំរើស​នេះ​​ដែរ​ឬ​អត់​ឬក៏​ត្រូវ​សង្ឃឹម​លើ​ការលើកលែងទោស​។​

​ពួក​អ្នកគាំទ្រ​ជឿ​ថា​អ្នកកាសែត​ទាំង​២​ត្រូវបាន​ដាក់ទោស​ចំពោះ​ការស៊ើបអង្កេត​ការសម្លាប់​ជន​រ៉ូ​ហ៊ីង​យ៉ា​១០​នាក់​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​កាលពី​ឆ្នាំ​២០១៧​។​រឿង​នេះ​នាំអោយ​ក្រុម​​យក​ព័ត៌មាន​នេះ​ទទួលបាន​រង្វាន់​Pulitzer​ដែល​ជា​រង្វាន់​មានតិ​ត្យា​នុ​ភា​ពមួយ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​៕​ដោយ​៖​វាសនា​

អ្នកកាសែត​មី​យ៉ាន់​ម៉ា​ដែល​ធ្វើការ​អោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស ត្រូវបាន​បដិសេធ​បណ្តឹងឧទ្ធរណ៍​ពីរ​លើក​មក​ហើយ