តុលាការ​កំពូល​របស់​ជី​ល​ប្រា​ល់តា​បញ្ជា​ឱ្យ​ដោះលែង​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ផ្គើន​នឹង​បំណង​របស់​អាម៉េរិក​

306
ចែករម្លែក

​តុលាការ​កំពូល​របស់​ជី​ល​ប្រា​ល់តា (Gibraltar) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា​បានសម្រេច​ដោះលែង​នាវា​ដឹក​ប្រេង​ខ្នាត​យក្ស​របស់​អ៊ីរ៉ង់​ដែល​បាន​រឹបអូស​ពីបទ​សង្ស័យ​ដឹកជញ្ជូន​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម ក្នុងការ​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ ដែល​នេះ​ហាក់បីដូច​ជាការ​វាយ​សំពង​មួយ​លើ​សហរដ្ឋ​អាម៉េរិក​ដែល​ព្យាយាម​រារាំង​ការចាកចេញ​របស់​នាវា​នេះ​។​

​ការសម្រេចចិត្ត​របស់​ចៅក្រម​តុលាការ​លោក អ៊ែន​ថូ​នី ឌូ​ត​លី បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​រប​ស់ជី​ប្រា​ល់តា បាន​និយាយថា ខ្លួន​បានទទួល​ការធានា​ជា​លាយលក្ខណ៍អក្សរ​ពី​អ៊ីរ៉ង់​ថា​នាវា​ដឹក​ប្រេង​យក្ស Grace 1 នឹងមិន​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស ដែល​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទេ​។​

​លោក​បាន​និយាយថា នាវា Grace 1 “​លែង​ជា​កម្មវត្ថុ​នៃ​ការ​ឃុំឃាំង​” ទៀតហើយ​។​

​លោក ហ្វា​បៀ​ន ពី​កាដូ នាយករដ្ឋមន្ត្រី​ជី​ប្រា​ល់តា បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ ដោយនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​ដកហូត​ប្រេង​ឆៅ​តម្លៃ​ជាង ១៤០ លាន​ដុល្លារ​ពី​របប​អាសាដ​នៅក្នុង​ប្រទេស​ស៊ី​រី​”​។​

​ប៉ុន្មាន​ម៉ោង​មុន​ការប្រកាស​របស់​តុលាការ សហរដ្ឋ​អាម៉េរិក​បានចាប់ផ្តើម​ចាត់វិធានការ​ផ្លូវច្បាប់​នាទីចុងក្រោយ ដោយ​ទាមទារ​ឱ្យ​ដែនដី​អង់គ្លេស​នៅ​បរទេស​នេះ ឃុំខ្លួន​នាវា​នោះ​វិញ​។​

​លោក​ចៅក្រម​ឌូ​ត​លី​បាន​និយាយថា កប៉ាល់​នេះ​ប្រហែលជា​បានធ្វើ​ដំណើរ​ទៅដល់​គោលដៅ​របស់​វា ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​មិន​ធ្វើ​អន្តរាគមន៍ នៅ​គ្រា​ដែល​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​ឡុង​ដ៍​និង​តេ​ហេ​រ៉ង់​ហាក់​ជិត​ឈានដល់​ការសម្រេច​ទៅហើយ បន្ទាប់ពី​មាន​ជម្លោះ​ការទូត​ជាច្រើន​សប្តាហ៍​។​

​លោក​ពី​កាដូ​បាន​និយាយថា លោក​បាន​ជួប​ជាមួយ​មន្ត្រី​អ៊ីរ៉ង់​កាលពី​ថ្ងៃទី ១៩ ខែកក្កដា​នៅ​ទីក្រុង​ឡុង​ដ៍ “​ជាមួយ​ឆន្ទៈ​ក្នុងការ​បន្ថយ​ភាព​តានតឹង​ទាំងអស់​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​ពី​ការ​ឃុំឃាំង​នាវា Grace 1″​។​

​ចំណាត់ការ​របស់​វ៉ាស៊ីនតោន​បាន​ពន្យារពេល​ការសម្រេច​របស់​តុលាការ​លើ​ជោគវាសនា​របស់​នាវា​នេះ ប៉ុន្តែ​ចៅក្រម​ឌូ​ត​លី​បាន​និយាយ​នៅក្នុង​សេចក្តីសម្រេច​របស់គាត់​ថា គាត់​មិនបាន​ទទួល​សំណើ​ជា​លាយលក្ខណ៍អក្សរ​ពី​សហរដ្ឋ​អាម៉េរិក​ទេ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ដឹក​ប្រេង Grace 1 ត្រូវបាន​ដោះលែង