តុលាការ​កំពូល​សវនាកា​រ​រឿងក្តី​លោក កឹម សុខា ថ្ងៃទី​៧​ឧសភា​

1114
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: មន្ត្រី​តុលាការ​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ តុលាការ​កំពូល​នឹង​សវនាការ​រឿងក្តី​លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​សវនាការ​នេះ គឺ​បណ្តឹង​ប្រឆាំងនឹង​ដីកា​ពន្យារពេល នៃ​ការឃុំខ្លួន​លោក កឹម សុខា ដោយមាន​លោក ឃឹម ប៉ុណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​ដោយ​ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕ ល​

#