តុលាការ​ខេត្តតាកែវ​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់ ដែល​បង្ហោះ​រឿង​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

1344
ចែករម្លែក
ជន​ត្រូវ​ចោទ​មានឈ្មោះ លី ឆៃ​យ៉ា អាយុ ៣០​ឆ្នាំ ជា​ម្ចាស់​គណនី Facebook ឈ្មោះ «La chhaya» ដែល​បាន​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មាន​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង នៅ​ស្រុក​សំរោង ខេត្តតាកែវ បង្ក​ឲ្យ​មាន​ភាពចលាចល ក្នុងសង្គម​ (រូប៖ វេបសាយ)

តាកែវ​៖ បុរស​ម្នាក់​ដែល​បង្ហោះ​ថា​មាន​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវបាន​លោក ម៉ែន រដ្ឋា ចៅក្រម​សាលាដំបូង​ខេត្តតាកែវ សម្រាប់​ចេញ​ដីកាឃុំខ្លួន​ហើយ​។

​យោងតាម​លោក ផាន់ សុ​ភ័​ក្រ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​មានឈ្មោះ លី ឆៃ​យ៉ា អាយុ ៣០​ឆ្នាំ ជា​ម្ចាស់​គណនី Facebook ឈ្មោះ «La chhaya» ដែល​បាន​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មាន​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង នៅ​ស្រុក​សំរោង ខេត្តតាកែវ បង្ក​ឲ្យ​មាន​ភាពចលាចល ក្នុងសង្គម​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លូន​បាន កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក ផាន់ សុ​ភ័​ក្រ បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ ត្រូវ​តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ពីបទ ក្លែង​ព័ត៌មាន និង​ពីបទ​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ យោងតាម​មាត្រា​៤២៥ បទល្មើស​ក្លែង​ព័ត៌មាន​ត្រូវ​ផ្ដន្ទាទោស​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​៤​លាន​រៀល ដោយឡែក​មាត្រា​៤៩៥ បទល្មើស​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រឈម​ជាប់ពន្ធនាគារ​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ​៤​លាន​រៀល​៕ ដោយ​៖ លីន​ណា​

#