តុលាការ​ខ្មែរក្រហម ចាត់តាំង​អ្នកជំនាញ ដើម្បី​វាយតម្លៃ​លើ​សម្បទា​របស់ នួន​ជា និង​ខៀវ​សំផន​

342

(​ភ្នំពេញ​)៖ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានចេញ​ដីកា​ចាត់​​តាំង​អ្នកជំនាញ ដើម្បី​វាយតម្លៃ​លើ​សម្បទា ផ្នែក​រាងកាយ ឬ​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ នួន ជា និង​ខៀវ​សំផន​។ ​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំងពីរ មាន​វ័យ​ចាស់ជរា ហើយ​ត្រូវ​ចូលរួម​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​០០២/០២ នាពេលខាងមុខ​។​

​លោក​ចៅក្រម និល​ណុន បានលើកឡើង​ក្នុង​ដីកា​ថា អង្គជំនុំជម្រះ​សាលាដំបូង បង្គាប់​ឲ្យ​អ្នកជំនាញ​ធ្វើការ​វាយតម្លៃ​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​ចិត្តសាស្ត្រ​ទៅលើ​ជនជាប់ចោទ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា នួន​ជា និង​ខៀវ​សំផន នៅតែមាន​សម្បទា​គ្រប់គ្រាន់​ក្នុងការ ចូលរួម​សវនាការ​ប្រកាស​សាលក្រម នៅក្នុង​សំណុំរឿង​០០២/០២​។

​ដីកា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ បង្ហាញថា ចៅក្រម​បាន​ចាត់តាំង​អ្នកជំនាញ​ពីរ​នាក់​ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​​សម្បទា​របស់​អតីត​មេ​ខ្មែរ ក្រហម ចាស់ជរា នួន​ជា និង​ខៀវ​សំផន​។ វេជ្ជបណ្ឌិត​ទាំង ២​រូបនោះ គឺ​លោក​វេជ្ជបណ្ឌិត CHAN Kin Ming និង​វេជ្ជបណ្ឌិត ហួត លីន​ណា​។​

​លោក​ចៅក្រម ក៏បាន​បញ្ជាក់​ក្នុង​ដីកា​ថា ការពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​លើ​ជនជាប់ចោទ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ហើយ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ សម្រាប់​ជនជាប់ចោទ​ម្នាក់ៗ នឹងធ្វើ​ការពិនិត្យ​សម្រេច​ចុងក្រោយ​ជា​ភាសា​អង់គ្លេស ដើម្បី​ដាក់ជូន​អង្គជំនុំជម្រះ​សាលាដំបូង នៅត្រឹម​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ និង​សំណៅ​នៃ​របាយការណ៍​ជា​ភាសា​អង់គ្លេស​នឹង​បញ្ជូន​​ទៅ​ភាគី នៅត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ ហើយ​សំណៅ​នៃ​របាយការណ៍ ដែល​បាន​បកប្រែ​រួច​នឹង​ផ្តល់ជូន​មេធាវី​ការពារ​ក្តី​ជន​ជាប់​​ចោទ នៅត្រឹម​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ដីកា​ដដែល បាន​កត់សម្គាល់ថា ប្រសិនបើ​មាន​តម្រូវការ​ពី​អង្គជំនុំជម្រះ​នោះ​អ្នកជំនាញ​នឹងត្រូវ​ធ្វើការ​បង្ហាញ​លទ្ធ​ផល​នៃ​ការពិនិត្យ​​ផ្នែក​វេជ្ជសាស្ត្រ​របស់ខ្លួន និង​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ភាគី​នានា នៅក្នុង​សវនាការ ដែល​ត្រូវធ្វើឡើង នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បាន​លើកឡើងថា ការពិនិត្យ​របស់​អ្នកជំនាញ​បាន​ពិនិត្យ​វាយតម្លៃ​លើ​សម្បទា​របស់​​ជនជាប់ចោទ​ទាំងពីរ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៦ ដែល​នៅក្នុង​អំឡុង​ពេលនោះ អ្នកជំនាញ​ពុំបាន​រកឃើញ​ភស្តុតាង​ណាមួយ បង្ហាញថា ជនជាប់ចោទ​នីមួយៗ មានការ​ចុះខ្សោយ​ផ្នែក​បញ្ញា​ស្មារតី​ខុសពី​ធម្មតា​នៃ​បញ្ញា​ស្មារតី​របស់​មនុស្ស ដែលមាន​អាយុ​និង​សាវតា​ដូច​ពួក​​គាត់​នោះឡើយ​។ អ្នកជំនាញ ក៏បាន​រកឃើញថា ជនជាប់ចោទ​ទាំងពីរ មាន​សុខ​ភាពល្អ បើ​គិតពី​អាយុ​និង​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​​ពួកគាត់​។​

​ទោះបីជា​យ៉ាងណា អង្គជំនុំជម្រះ​សាលាដំបូង​របស់​តុលាការ​ខ្មែរក្រហម បានប្រកាសថា អំឡុងពេល​ពិនិត្យ​វាយតម្លៃ​លើ​សម្បទា​របស់​នួន​ជា និង​ខៀវ​សំផន កាលពី​ខែកក្កដា ឆ្នាំ​២០១៦ អ្នកជំនាញ បាន​រកឃើញថា ការចងចាំ និង​មុខងារ​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ​ទាំងពីរ អាច​នឹង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ទៅតាម​អាយុ​របស់​ពួកគាត់ និង​បានផ្តល់​អនុសាសន៍​ថា ជនជាប់ចោទ​ទាំងពីរ​គួរតែ​ធ្វើការ​ពិនិត្យ​មុខងារ​​បញ្ញា​ស្មារតី​ឲ្យ​បាន​ទៀងទាត់​។​

​ផ្នែក​តាម​អនុសាសន៍​របស់​អ្នកជំនាញ អង្គជំនុំជម្រះ​សាលាដំបូង បាន​បង្គាប់​ថា មុខងារ​បញ្ញា​ស្មារតី​របស់​ជនជាប់ចោទ​ត្រូវតែ​បន្តធ្វើ​ការ​​វាយតម្លៃ​ជា​រៀងរាល់​បី​ខែម្តង ដោយ​ប្រើប្រាស់​តេស្ត​លើ​បញ្ញា​ស្មារតី​ជា​ទៀងទាត់​ក្នុង​ទម្រង់​ជា​តេស្ត​សង្ខេប​លើ​បញ្ញា​ស្មារតី ( AMT )​។ ផ្អែកទៅលើ​ការពិនិត្យ​ចុងក្រោយ​បំផុត កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នួន​ជា បានទទួល​ពិន្ទុ​៧/១០​។ ចំណែក​ខៀវ​សំផន បានទទួល​ពិន្ទុ ១០/១០​។ ពិន្ទុ ៧ ឬ​លើសពីនេះ បង្ហាញថា មាន​សភាព​ធម្មតា​។ សុខភាព​របស់​ជនជាប់ចោទ ក៏​ត្រូវបាន​ពិនិត្យមើល​ឡើងវិញ​រៀងរាល់​​សប្តាហ៍​ផងដែរ ដោយ​អង្គភាព​ពេទ្យ​នៃ​អ​.​វ​.​ត​.​ក​។​
​ ​
​លោក ខៀវ​សំផន កើត​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៣១ ត្រូវបាន​ចាប់ឃុំខ្លួន នៅ​តុលាការ​ខ្មែរក្រហម កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៧​។ លោក ខៀវ​សំផន ជា​អតីត​ប្រមុខរដ្ឋ ឬ​ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​។​
​ ​
​រីឯ​លោក នួន​ជា អនុ​លេខា​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍ និង គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ប្រធានសភា​ប្រជាជន​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​។ លោក នួន​ជា កើត​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩២៦ ត្រូវបាន​ចាប់ឃុំខ្លួន នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧​។​
​ ​
​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចាស់ជរា​ទាំងពីរ ត្រូវ​តុលាការ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត នៅក្នុង​សំណុំរឿង​០០១/០១ ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។ តុលាការ​ខ្មែរក្រហម ក៏បាន​ជំនុំជម្រះ​លោក​នួន​ជា និង​លោក​ខៀវ​សំផន នៅក្នុង​សំណុំរឿង​០០២/០២ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដែល​អង្គ​ជ​នុំ​ជម្រះ​សាលាដំបូង បានបញ្ចប់​សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល កាលពី​ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧​។ រីឯ​សាលក្រម​ក្នុង​សំណុំ​រឿងក្តី ០០២/០២ នឹងត្រូវ​ប្រកាស​ក្នុង​ឆ្នាំ​២០១៨ នេះ​៕​ដោយ​:​ម៉េង​ឆៃ​/sn