តុលាការ​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ឆក់​កាបូប​មិនបាន​សម្រេច

182
ចែករម្លែក
  • 61
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: សង្ស័យ​ទាំង​៣​នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ តែ​មិនបាន​សម្រេច បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ជា​បន្តទៀត​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រួមមាន​៖ ទី​១-​ឈ្មោះ អ៊ឹង រតនា ហៅ​ខ្នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លក់​ម៉ូតូ ស្នាក់នៅ​មិន​ចាំ​លេខ​ផ្ទះ លេខ​ផ្លូវ ស្ថិតក្នុង​បូរី​ហុង​ឡេង​យី សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ទី​២-​ឈ្មោះ ស្រី មនោ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​ធ្វើ​ម្ហូប​ការ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ គ្រឿន ជលសា ហៅ​នៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ស្នាក់​នៅផ្ទះ​លេខ​០២ ផ្លូវលំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​លោកនាយ​ការិយាល័យ បានបញ្ជាក់​ទៀតថា​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ ខាងលើនេះ បាន​ធ្វើឡើង​ក្រោយពី​កម្លាំង​ជំនាញ​របស់​ការិយាល័យ បាន​ដេញតាម​បង្ក្រាប​ពួកគេ តាំងពី​នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​ផ្លូវ​លេខ​៥១ ក្នុងករណី​ឆក់​កាបូបស្ពាយ តែ​មិនបាន​សម្រេច ហើយ​ព្យាយាម​រត់គេចខ្លួន រហូតមកដល់​ខាងមុខផ្ទះ​លេខ​១៤ ជា​ហាង​ម៉ាស្សា​យីហោ​វ៉ា​ភូ ក្នុងភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន នៅ​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ និង​ដកហូត​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ទឹកមាស ឆ្នាំ​ផលិត​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HI-8247៕