តុលាការ​ឃុំខ្លួន​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ពាក់ព័ន្ធ​អំពើ​ឆបោក​និង​លួច​ប្រា​ក់ជាង​៧​លាន​ដុល្លារ​

997
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​និង​កូន បាន​ត្រូវ​លោក យ៉ិ​ន សារឿន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​នៅ​ល្ងាច​ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១៨ ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក និង​បទ​លួច ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ទិញ​រថយន្ត​ការពារ​គ្រាប់ និង​លួច​លុយ​ក្រុមហ៊ុន​ចិន​ជាង​៧​លាន​ដុល្លារ ។​

​បុរស​ជនជាតិ​កូរ៉េ​២​នាក់​នេះ​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រស​អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313 និង​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឱ​ពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឱ​ពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាងអោយ​ក្រុមហ៊ុន​Shenyang Aiweiou Healfh Products Co ltd មាន​អ​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជនជាតិ​ជាតិ​កូរ៉េ​ពីបទ​ឆបោក​មាន​ទឹកប្រាក់​ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្ត​កាល​ព៉​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច មាន​ទឹកប្រាក់​ចំនួន ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ប្រភព​ព័​តិ​មានបាន​អោយដឹងថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក​ទំនើប​មួយគ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ផលិត​ឆ្នាំ​២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​បាន​និយាយថា​ឱ​ពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធ​ក្នុង​ការទិញ​និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន​Tianjing គឺ​ប្រហែល​តម្លៃ ២២២ ០០០​ដុល្លារ​ប៉ុណ្ណោះ​។

​ពេលនោះ​ក្រុមហ៊ុន​ដែល​កុំម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត​ដែល​ទិញ​គឺមាន​បំពាក់​ឧបករណ៍​ទំនើប​និង​កញ្ចក់​កាង​ការពារ​គ្រាប់កាំភ្លើង ។ បន្ទាប់មក​ពួកគេ​បាន​ឯកភាពគ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​អោយចំ​នួន ៣១៤ ០០០​ដុល្លារ អោយ​ចូ ស៊ូ​ពិន និង​ចូ សាម​ហ្សុ​ង​។ លុះដល់​ថ្ងៃទី ០៥​ខែ មេសា ឆ្នាំ​២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង​មាន​ភិនភាគ​ប្រហាក់ប្រហែល​និង​រថយន្ត​ដែល​ក្រុមហ៊ុន​កុំម៉ង់​មកអោយ​។ ពេលនោះ​ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​ថា​នឹង​យក​រថយន្ត​ថ្មី​មកអោយ​ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់រ​ហួត​ដល់ពេលនេះ​។​

​មិនតែប៉ុណ្ណោះ​នៅពេល​ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឱ​ពុក​បាន​លួច​ដក​សាច់​ប្រាក់សុទ្ធរ​បស់​ក្រុមហ៊ុន​អស់​ចំនួន ៧ ២០៥ ៨៨២​ដុល្លារ​ទៀត ហើយរ​ត់ទៅ​ប្រទេស​កូរ៉េ​វិញ ។​ទើបតែ​ថ្មីៗ​នេះ​បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឱ​ពុក​កូន​បានមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ទិញ​ខុន​ដូ​រស់នៅ និង​ទិញ​រថយន្ត​មាក​រ៉ង់​រ៉ូ​វើ​ពាក់​ស្លាក​លេខ ខម មាន​អង្គរក្ស​ការពារ​ជិៈ​ទៀត​ទើប​ក្រុមហ៊ុន​ដែល​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង​៕ ល​