តុលាការ​ឃុំខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​ទិញ​ពេស្យាចារ​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ

574
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​ទិញ​ពេស្យាចារ​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ ជនសង្ស័យ​ឈ្មោះ LORYMAN STEPHEN JOHN ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ផ្ទះជួល ដី​ឡូ​តិ៍​លេខ​១៩ ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​លោក​វរសេនីយ៍ឯក លៅ លីន​នាយការិយាល័យ​ការពារ​អនីតិជន នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ ៖៣០​ថ្ងៃត្រង់ ជនសង្ស័យ​បាន​នាំ​ក្មេងប្រុស​ចំនួន ៤​នាក់ ចូលទៅ​ផ្ទះជួល​របស់ខ្លួន​។ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង ដើម្បី​ស្នើសុំ​ត្រួតពិនិត្យ​ផ្ទះជួល​ខាងលើ ។ ក្នុងការ​ត្រួតពិនិត្យ និង​ដោយមាន​ការសហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ សមត្ថកិច្ច​បាន​រកឃើញ​ថា នៅក្នុង​ផ្ទះ​ជនសង្ស័យ មាន​ជនសង្ស័យ និង​កុមារ​ចំនួន ៤​នាក់ ហើយ​សមត្ថកិច្ច​ក៏បាន​អនុវត្តន៍​តាម​នីតិវិធី និង​បាន​នាំ​ជនសង្ស័យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយចំនួន ព្រមទាំង​កុមារ ៤​នាក់ មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​។​

​លោក​វរសេនីយ៍ឯក​នាយការិយាល័យ​ការពារ​អនីតិជន បានបញ្ជាក់​ទៀតថា តាម​ការឆ្លើយបំភ្លឺ​រប​ស់​កុមារ​រងគ្រោះ និង​តាម​ការបំភ្លឺ​ដើមបណ្តឹង ជា​ម្តាយ​កុមារ​រងគ្រោះ ព្រមទាំង​ការបំភ្លឺ​របស់​សាក្សី ជនសង្ស័យ​បាន​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន​ដើម្បី​ទាក់ទាញ​កុមារ​រងគ្រោះ​ដូចជា​៖ អោយប្រាក់​កាស​, ទិញ​ទូរស័ព្ទ​អោយ​, ទិញ​ចំណីអាហារ​ឲ្យ​ញ៉ាំ​, នាំ​ដើរលេង​, ទិញ​សម្លៀកបំពាក់​អោយ​, ទិញ​សម្ភារៈ​សិក្សា​អោយ​, ទិញ​កង់​អោយ ជាដើម​។​

​លោក​វរសេនីយ៍ឯក​នាយការិយាល័យ​ការពារ​អនីតិជន បន្តថា សមត្ថកិច្ច​សន្និដ្ឋានថា ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រួមភេទ និង​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ដោយ​ប្រើប្រាស់​សម្ភារៈ ប្រាក់កាស ជាការ​អូសទាញ និង​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​

#