តុលាការ​ឃុំខ្លួន​បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ដឹកនាំ​មនុស្ស​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី

401
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
បុរស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​ករណី ដឹកនាំ​មនុស្ស​ទៅ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី នៅ​ស្តារ​ម៉ា​ត​ស្តុ​ប​បូកគោ ប្រឆាំងនឹង​ការហាមឃាត់​របស់​អាជ្ញា​ធរ​ដែនដី​នោះបាន​ត្រូវ​លោក​ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លូន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

​បុរស​រូបនេះ​ឈ្មោះ​សួង​នាគព័ន្ធ​អាយុ​២៩​ឆ្នាំ​ទីលំនៅ​ផ្ទះជួល​លេខ​៤១​បន្ទប់​លេខ​០៤​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​មុខងារ​ជា​សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ ។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សួង នាគព័ន្ធ​, ឈ្មោះ ជុំ ហួត និង​ឈ្មោះ ជុំ ហួរ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅពេលដែល​ពួកគេ ដឹកនាំ​មនុស្ស​មួយក្រុម ទៅ​រៀបចំ​ពិធី​ដុត​ធូប និង​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​បណ្ឌិត កែម ឡី នៅ​ចំណុច​ស្តារ​ម៉ា​ត​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រោយ​សាកសួរ សមត្ថកិច្ច បាន​ដោះលែង​ជនសង្ស័យ​ឈ្មោះ ជុំ ហួត និង​ឈ្មោះ ជុំ ហួរ ឲ្យ​មាន​សេរីភាព​វិញ កាលពី​ល្ងាច​ថ្ងៃ​ដដែល និង​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ សួង នាគព័ន្ធ ទៅ​តុលាការ​ក្រោម​បទ​ចោទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​គួររំលឹកថា លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ស្តារ​ម៉ា​ត ក្នុង​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ យកទៅ​សាកសួរ ទើប​ជនជាប់ចោទ​សារភាពថា រូបគេ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ព្រោះតែ រឿង​ជំពាក់​លុយ​មិន​សង​។​

​រហូតមកដល់​ពេលនេះ ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​តុលាការ​ទាំង ៣​ថ្នាក់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់ ១​ជីវិត​៕ ល​

#