តុលាការ​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ដែល​សម្លាប់​សង្សារ​ជា​ជន​ជាតិចិន​ដូចគ្នា រួច​យក​សព​ទៅ​ដុត​ចោ នៅក្បែរ​ស្ពាន​ព្រែក​ព្នៅ​

269
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បានសម្លាប់​សង្សារ​ជា​ជន​ជាតិចិន​ដូចគ្នា រួច​យក​សព​ទៅ​ដុតចោល នៅក្បែរ​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩ កន្លង​ទៅនោះ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៩​។​

​បុរស​ជនជាតិ​ចិន​រូ​ប​នេះ ឈ្មោះ Yang Yang អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ED1029380 ត្រូវបាន​លោក​សាយ​ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។​

​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា បុរស​ជនជាតិ​ចិន​រូ​ប​នេះ ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត បើសិនជា​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដុ​ច​ការចោទប្រកាន់​នេះ​មែន​។​
​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​រូបនេះ នៅ​ចំណុច​ក្រុមហ៊ុន​សំណង់​មួយ ស្ថិតនៅ​ផ្លូវ​លេខ ២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩ បន្ទាប់ពី​បាន​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ក្រោយ​គេចខ្លួន​ទៅ​ប្រទេស​ចិន​អស់​មួយរយៈ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចហើយ​។​

​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ Yang Yang បាន​សារភាពថា ខ្លួន​បាន​ចូលមក​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែ​១០ ឆ្នាំ​២០១៦ តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ស្ថិតនៅ​ផ្លូវ​លេខ ២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ លុះដល់​ឆ្នាំ​២០១៨ ក៏បាន​ស្គាល់​ជនរងគ្រោះ​ឈ្មោះ Miao Xiaolin ហើយក៏​ស្រឡាញ់គ្នា​ជា​សង្សារ ដោយ​ជួល​ផ្ទះសំណាក់​យីហោ ហ្វី​ប៉ារីស បន្ទប់​លេខ ២០៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ឈ្មោះ Yang Yang បាន​បន្តថា​លុះដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​ខ្លួន​បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​យក​កូន​ចេញ ព្រោះ​ខ្លួន​មាន​ប្រពន្ធ​រួចហើយ តែ​ជនរងគ្រោះ​មិន​ព្រម ក៏មាន​ការឈ្លោះប្រកែក​គ្នា​។​ពេលនោះ​ខ្លួន​ក៏​ច្រាន​ជនរងគ្រោះ ឲ្យ​ដួល​ទៅលើ​ឥដ្ឋ​បណ្តាល​ឲ្យ​សន្លប់ រួច​យក​កន្សែងពោះគោ​រឹត​ក​សម្លាប់​។ បន្ទាប់មក​ខ្លួន បាន​ទៅ​ទិញ​វ៉ា​លី​ស​មួយ​នៅ​ផ្សារ​ធំថ្មី តម្លៃ​៨០​ដុល្លារ ហើយ​យក​សាកសព​ដាក់​ក្នុង​វ៉ា​លី​ស​។ រហូតដល់​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃកើតហេតុ ទើប​ខ្លួន​យក​វ៉ា​លី​ស​ដាក់​សាកសព​ដឹក​តាម​រថយន្ត​មួយគ្រឿង​ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM-1334 និង​ទិញ​សាំង​មួយ​ដប រួច​សព​យកទៅ​ដុតចោល​នៅ​ចំណុច​ដី​ឡូ​តិ៍​លី​យ៉ុង​ផាត់ ហើយ​គេចខ្លួន​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៩​។​

​រហូតដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ជនដៃដល់​ក៏​ត្រឡប់មក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​វិញ ដោយ​គិតថា​ពុំមាន​អ្នកណា​ដឹង​រឿងនេះ តែ​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​៕ ល​