តុលាការ​ឃុំខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​៨​ម៉ឺន​ដុល្លារ​

992
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​បុរស​ម្នា​ក់មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​៨​ម៉ឺន​ដុល្លារ​។​

​ក្រោយ​ការសាកសួរ​រួចហើយ​នៅ​រសៀល​ថ្ងៃ​ដដែល លោក សាន សុផាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បុរស​រូបនេះ ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត ព្រោះ​បុរស​រូបនេះ បដិសេធថា មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នេះ​ទេ​។​

​បុរស​រូបនេះ​ឈ្មោះ សរ រ៉េត អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៥​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា មុខ​បុរី​ម៉េង​ហួត ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់លោក សាន សុផាត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទចោទប្រកាន់​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ប្រព្រឹត្ត​កាលពី​ចុងឆ្នាំ​២០១៧ កន្លងទៅ​៕