តុលាការ​ឃុំខ្លួន​យុវជន​ពីរ​នាក់​ដែល​ចាប់រំលោភ​សេពសន្ថវៈ​យុវតី​ម្នាក់​

1196
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: យុវជន​ម្នាក់​ដែល​បានធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ​លើ​យុវតី​ម្នាក់​បានសម្រេច និង​យុវជន​ម្នាក់ទៀត​ចាប់រំលោភ​សេពសន្ថវៈ​លើ​យុវតី​ដដែល​នេះ មិនបាន​សម្រេច ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៨​ខែសីហា​។​

​យុវជន​២​នាក់​នេះ​ឈ្មោះ​ប៊ូ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស និង ឈ្មោះ​ទូច ឡុង​ឃុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​។ យុវជន​ទាំងពីរ​នាក់ ស្នាក់នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ​បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃទី​៦​ខែសីហា​ដើម្បី​ចាត់ការ​តាមច្បាប់​។

​សមត្ថកិច្ច រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ ជនរងគ្រោះ​និង​ជនសង្ស័យ​ពីរ​នាក់ នាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ពេលនោះ​ជនរងគ្រោះ​ស្រវឹងស្រា​ក៏​ឱ្យ​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ជូនទៅ​ផ្ទះ​។ ស្រាប់តែ​ជនសង្ស័យ​ឌុប​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់​ដាលីន​បន្ទប់​លេខ​៦ រួច​ជនសង្ស័យ​ឈ្មោះ​ប៊ូ សំណាង ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​ម្តង រួច​ជនសង្ស័យ​ឈ្មោះ​ទូច ឡុង​ឃុន ក៏​ចាប់​ជនរងគ្រោះ​ស្រាតខោ​បម្រុង​រំលោភ​ដែរ តែ​ជនរងគ្រោះ​រើ​បម្រាស់​ជនសង្ស័យ​ឈ្មោះ​ទូច ឡុង​ឃុន​ក៏​លែង​វិញ​។ បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង ក៏​ចាប់រំលោភ​ជនរងគ្រោះ​ម្តងទៀត​បានសម្រេច​ទៀត​។ រហូតដល់​ថ្ងៃទី ១ ខែសីហា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​យក​ថ្នាំ​ងងុយដេក​ប្រហែល​៥០​គ្រាប់ ដើម្បី​លេប​សម្លាប់ខ្លួន​ក៏ត្រូវ​ម្តា​យមក​ទាន់​សួរនាំ​ដឹង​រឿងហេតុ​ខាងលើ ក៏​នាំ​ជនរងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ បង្អែក​រាជធានី​ភ្នំពេញ រួចមក​ដាក់ពាក្យ​បណ្តឹង​។​

​លុះដល់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ម៉ោង​២​រសៀល ក្រុមគ្រួសារ​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​នៅ​ភូមិ​អូរអណ្តូង​១​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់​៕ ល​