តុលាការ​ឃុំខ្លួន​ស្ត្រី​ដែល​សម្លាប់​ប្តី​ជា​មន្ត្រីប៉ូលិស​នៅ​សៀមរាប​

871
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ ស្ត្រី​ដែលជា​ជនដៃដល់ ធ្វើឃាត​ប្តី​ជា​មន្ត្រីប៉ូលិស​នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​។​

​ស្ត្រី​ជា​ជនដៃដល់​មានឈ្មោះ សុខ លី​នី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ដើម​ចន្ទ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឆ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​ពីបទ​ឃាតកម្ម ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ ស៊ិន សុ​វណ្ណា​រ័ត្ន ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​១០៧៤ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ រង់ចាំ​ស៊ើបសួរ​បន្តទៀត​។

​សូម​រំលឹក​ឲ្យ​ដឹងថា នគរបាល​ប៉ុស្ដិ៍​គោកចក​ម្នាក់​ឈ្មោះ ហ៊ឹម សុ​វណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​ជនដៃដល់​ចាក់​សម្លាប់​ដោយ​ប្រើប្រាស់​កូនកាំបិត​ចុង​ស្រួច​។ ករណី​ឃាដ​កម្មនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​០៥​នាទី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​គ្រួស​ក្រហម ក្រុមទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

បន្ទាប់ពី​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ដែលជា​ប្រពន្ធ​របស់​ជនរងគ្រោះ​តែម្តង ហើយ​តាម​ការសារភាព​របស់​ជនដៃដល់ បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​ការចាក់សម្លាប់​ប្តី​របស់ខ្លួន​ពិតប្រាកដ​មែន​៕S/

​តុលាការ​ឃុំខ្លួន​ស្ត្រី​ដែល​សម្លាប់​ប្តី​ជា​មន្ត្រីប៉ូលិស​នៅ​សៀមរាប​