តុលាការ​ឃុំខ្លួន​ស្ត្រី​មេ​តុងទីន​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​កូន​តុងទីន​ជាង​៣០​ម៉ឺន​ដុល្លារ​

850
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​
​ភ្នំពេញៈ ស្ត្រី​ម្នាក់​ជា​មេ​តុងទីន ដែល​បាន​ស៊ីដាច់​ប្រាក់​កូន​តុងទីន ដែល​ក្រុមអាជីវករ​ផ្សារ​ឯករាជ្យ​១ និង​អាជីវករ​ផ្សារ​កាណាឌីយ៉ា ជិត​៥០០​នាក់ សរុប​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ រួច​បាន​វិច​បង្វិច​រត់គេច​អស់​រយៈពេល​ជាង​៥​ខែ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក​។​

​ស្ដ្រី​ដែលជា​មេ​តុងទីន​រូបនេះ​ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​បាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្សា​រកា​ណា​ស៉ី​ធី ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​មាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែលជា​កូន​តុងទីន​។​
​កូន​តុងទីន​បាន បាន​រៀបរាប់ថា ស្ត្រី​ដែលជា​មេ​តុងទីន​ខាងលើ ធ្លាប់​រកស៊ី​បោះ​ដុំ​ឥ​វ៉ាន់​ចាប់ហួយ នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សារ​កាណាឌីយ៉ា រហូត​បាន​ស្គាល់គ្នា​ជិតដិត ក៏បាន​នាំគ្នា​លេង​តុងទីន ចាប់ពី​ក្បាល​២​ម៉ឺន​រៀល ដល់​ក្បាល​១០០​ដុល្លារ ចំនួន​អ្នកលេង​តុងទីន​ជិត​៥០០​នាក់ អ្នកខ្លះ​លេង​៣​ក្បាល និង​៨​ក្បាល​។ មាន​អ្នកខ្លះ​លេង​រយៈពេល​៦​ឆ្នាំ ខ្លះ​៣​ឆ្នាំ និង​ខ្លះទៀត​២​ឆ្នាំ ហើយ​ក្នុង​ម្នាក់ៗ​អ្នកខ្លះ​បង់​តិច​បំផុត​ជាង​១,០០០​ដុល្លា រីឯ​ខ្លះទៀត​រហូតដល់​ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​ក៏មាន​។​

​ប្រភពពី​កូន​តុងទីន បាន​ឲ្យ​ដឹង​បន្តទៀតថា ជា​បន្តបន្ទាប់​រយៈពេល​ជាង​៦​ឆ្នាំ​មកនេះ ស្ត្រី​ជា​មេ​តុងទីន​ខាងលើ បាន​លេង​ជាមួយ​កូន​តុងទីន​យ៉ាង​ល្អប្រសើរ តែ​គិត​ត្រឹម​រយៈពេល​ជាង​៥​ខែ​មកនេះ មេ​តុងទីន​បាន​ព្យាយាម​មិន​ឲ្យ​កូន​តុងទីន​ផ្សេងៗ​ដេញ​យក តុងទីន​ដែល​ងាប់​នោះឡើយ ហើយ​ប្រុង​រត់ចោល​កូន​តុងទីន​ទាំងអស់ ដោយ​គេចវេស​មិន​ខ្ចី​លើក​ទូរស័ព្ទ និង​រត់​គេចខ្លួនបាត់​តែម្តង​។ អស់​រយៈពេល​ជិត​៦​ខែ​មកហើយ ទើប​កូន​តុងទីន​ទាំងអស់នោះ​បានដឹងថា មេ​កំពុងតែ​វិច​បង្វិច​រត់គេចខ្លួន​នោះ ក៏បាន​រត់​មក​ដាក់ពាក្យ​បណ្តឹង នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួយ​អន្តរាគមន៍ តែ​ចៃដន្យ​ក្រុម​កូន​តុងទីន បាន​ជួប​ស្ត្រី​ជា​មេ​តុងទីន​នោះ​នៅក្នុង​ផ្សា​រកា​ណា​ស៊ី​ធី ទើប​នាំគ្នា​ឃាត់ខ្លួន​ប្រគល់ ឲ្យ​នគរបាល​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕​