តុលាការ​ចោទប្រកាន់​ជនជាតិ​ចិន ៣​នាក់ នាំ​ប្រា​ក់ជាង ៣​លាន​ដុល្លារ ចូល​កម្ពុជា ដោយ​គ្មាន​ប្រភព​ច្បាស់លាស់

430
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ នេះ តុលាការ​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនជាតិ​ចិន ៣​នាក់ ដែល​នាំ​ប្រា​ក់ជាង ៣.៥​លាន​ដុល្លារ អាមេរិក ចូល​កម្ពុជា ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​។

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា ថ្លែង​តាម​បណ្ដាញ​សង្គម Telegram ថា “​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និង​ឈ្មោះ ZHANG JIAN រួចមក តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ​សម្អាត​ប្រាក់ តាម​មាត្រា​៣​ថ្មី និង​មាត្រា​២៩​ថ្មី នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ហើយ​បញ្ជូន​បុគ្គល​នេះ​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​”​។

​របាយការណ៍ ពី ប៉ូលិស អន្តោប្រវេសន៍ បាន ឱ្យ ដឹងថា ជនសង្ស័យ ទី​១៖ ឈ្មោះ Wang Shiping កាន់​លិខិតឆ្លងដែន​លេខ​EC9259330 មុខរបរ មិន​ពិតប្រាកដ​, ទី​២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខ​ED4367915 មុខរបរ មិន​ពិតប្រាកដ និង​ទី​៣៖ ឈ្មោះ Zhang Jian កាន់​លិខិត ឆ្លងដែន​លេខ​E 35414034 មិនមាន​លិខិតឆ្លងដែន ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ​។​

​ជនសង្ស័យ ទាំង ៣​នាក់ ត្រូវបាន កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ខណៈ​កំពុង​នាំ​លុយ​ចំនួន ៣,៥២០,០០០ ដុល្លារ ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​។

​ក្រោយពី​ការត្រួតពិនិត្យ​ឯកសារ​រួច​ជនជាតិ​ចិន​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី ក្នុង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហរិ​ញ្ញ​ប្ប​ទាន​ភេរវកម្ម ព្រមទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជាធរ​មាននៅ​កម្ពុជា​៕ ល​