តុលាការ​ចោទប្រកាន់​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ថៅកែ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​និង​ឃុំខ្លួន​បុគ្គលិក​ម្នាក់​ក្នុងករណី បង្ខាំង​ម្តាយ​អ្នកជំងឺ​ទុក​កំហែង​យកប្រាក់​

295
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ស្ត្រីជន​ជាតិចិន​ម្នាក់​ជា​ថៅកែ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​និង​ប្តី​ជា​ជន​ជាតិចិន​ដូចគ្នា​ដែល​គេចខ្លួនបាត់ បាន​ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់​ពីបទ​បង្ខាំង​និង​កំហែង​យក ដើម្បី​បន្ត​នីតិវិធី​ឈានទៅ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ចំណែក​បុគ្គលិក​ផ្នែក​គិតលុយ​ជន​ជាតិចិន​នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​នេះដែរ​ក៍​ត្រូវ​លោក​ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​ក្រោម​ការចោទប្រកាន់​ពីបទ​បង្ខាំង​និង​កំហែង​យក​។​

​មន្ត្រីនគរបាល​ខណ្ឌទួលគោក បាន​បញ្ជាក់ថា​ស្ត្រី​ជា​ថៅកែ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ដែល​គេចខ្លួន​បាត់ឈ្មោះ​យ៉ាង យ៉ាន​ហុង​អាយុ​៣៥​ឆ្នាំ​និង​ប្តី​ឈ្មោះ​លី គួ​ន​ហ្វា អាយុ​ប្រហែល​៤០​ឆ្នាំ​។​ចំណែក​បុគ្គលិក​ផ្នែក​គិតលុយ​ឈ្មោះ​លី ហ្ស៊ី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​លេខ​៣១៥​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​។

​គួររំលឹកថា ករណី​កើត​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៦១A ផ្លូវ​លេខ ៥៩២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលជា​របស់​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​។​

​មុន​ហេតុការណ៍​នេះ​កើតឡើង​មាន នារី​ម្នា​ក់បាន​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​នោះ​ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។

​ភ្លាមៗ​នោះ​នារី​រងគ្រោះ បាន​និយាយថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញទៅ​ក្រៅ​វិញ ថែមទាំង​សុំ​អង្វរ​ទៀត​។ តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាងលើ ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង​។​

​ខាង​មន្ទីរពេទ្យ បាន​យក​ក្រដាស​១​សន្លឹក មិនដឹងថា​សរសេរ​អ្វីខ្លះ​នោះទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ ផ្ដិតមេដៃ​។ លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន​២,០០០​ដុល្លារ ថ្លៃ​ពិនិត្យ​១០​ដុល្លារ ថ្លៃ​ពិសោធន៍​៤៦​ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹងថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះទេ​។​

​ពេលនោះ ម្ដាយ​របស់​នារី​រងគ្រោះ មាន​ប្រាក់​តែ​៦០០​ដុល្លារ​ប៉ុណ្ណោះ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំ​លួស ម្ដង​១០០​ដុល្លារ តែ​ខាង​មន្ទីរពេទ្យ​មិន​ព្រម ទាល់​តែមាន​៥០០​ដុល្លារ​ទៀត​។ ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏ត្រូវ​សន្តិសុខ យក​ច្រវាក់​មកចាក់​ទ្វារ មិន​ឲ្យ​ក្រុមគ្រួសារ​របស់គាត់​ចេញ​ឡើយ​។​

​ក្រោយ​ការវះកាត់ នារី​រងគ្រោះ​បាន​មាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ​។ ករណីនេះ​ក៏បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកសារព័ត៌មាន ចុះទៅ​ផ្សាយ​ផ្ទាល់​ព្រោងព្រាត​តែម្តង​។​

​បន្ទាប់មក​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ មន្ដ្រី​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខណ្ឌទួលគោក ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា និង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​ស្រាវជ្រាវ​នៅក្នុង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ដោយបាន​ហៅ​មនុស្ស​មួយចំនួន​ទៅ​សាកសួរ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​មេការ និង​ជា​អ្នក​គិតលុយ​ជនជាតិ​ចិន​ម្នាក់​។ ចំណែក​អ្នក​ផ្សេងទៀត ត្រូវបាន​ដោះលែង​វិញ​បន្ទាប់​បានធ្វើការ​សាកសួរ​រួច​។​

​ដោយឡែក​លោកស្រី សៀង សុគន្ធ ដែលជា​អ្នកទទួលខុសត្រូវ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ក៏​ត្រូវបាន​មន្ដ្រី​ធ្វើការ​សួរនាំ​ផងដែរ​។ ប៉ុន្ដែ​គ្មាន​លទ្ធផល​នោះទេ ដោយសារតែ​សួរ​អ្វី​ក៏​មិន​បានដឹង​ព្រោះ​លោកស្រី​គ្រាន់តែ​ជា​អ្នក​ឈរឈ្មោះ​ឲ្យ​គេ​ប៉ុណ្ណោះ​។​នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏​បានចេញ​សេចក្ដីសម្រេច បិទ​មន្ទីរពេទ្យ​នេះ​ជា​ផ្លូវការ​ហើយ​។​

​តាម​ព័ត៌មាន​មួយចំនួន មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​នេះ ពីមុន​មាន​ឈ្មោះថា «​សៀន​តា​យ​» ប៉ុន្ដែ​ក៏មាន​រឿងអាស្រូវ​លើ​ការព្យាបាល​ជំងឺ ក៏​ត្រូវបាន​ក្រសួងសុខាភិបាល បិទ​ចោល​។ ប៉ុន្ដែ​ក៏​សុំ​បើក​ដោយ​ប្ដូរ​ឈ្មោះ វ៉ិ​ច​តូ​រៀ នេះ​តែម្ដង រហូត​មានរឿង​អាស្រូវ​ជា​លើក​ទី​២៕ ល​