ឃុំខ្លួន សួន សេរី​រដ្ឋា ជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​បើកសវនាការ​នៅ​ថ្ងៃ​២៤​ខែសីហា​ក្រោយ​ចោទប្រកាន់​៣​បទល្មើស​

725
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅមុននេះ​ថា បន្ទាប់ពី​បាន​សាកសួរ​លោក សួន សេរី​រដ្ឋា និង​ពិនិត្យ​សំណុំ​រឿងនេះ​ចប់សព្វគ្រប់​រួចមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញ​ថ​អង្គហេតុ​ខាងលើ​បាន​ប៉ះពាល់​​ដល់​សន្តិសុខ​សង្គម និង​សន្តិសុខ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​បទល្មើស​ព្រហ្មទណ្ឌ រួមមាន ៖

១-​បទ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​

២-​បទ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ​

៣-​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​

​ក្រោយ​ចោទប្រកាន់​ ​តុលាការ​សំរេច​បើកសវនាការ​នៅ​ថ្ងៃទី​២៤ ខែសីហា​ឆ្នាំ​២០១៧​ខាងមុខនេះ​ខណៈ​ជនជាប់ចោទ​ស្នើសុំ​រក​មេធាវី​​ការពារ​ក្តី​អោយ​ខ្លួន ហើយ​ចៅក្រម​បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ សួន សេរី​រដ្ឋា ជា​បណ្តោះអាសន្ន​ដើម្បី​រក្សាទុក​ជូន​តុលាការ​ជំនុំជម្រះ​។​

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ម្តុំ​ស្ពាន​ព្រែក​ព្នៅ ពេល​លោក​កំពុងធ្វើដំណើរ​ត្រឡប់​មកពី​ខេត្តកំពង់ចាម​។ បន្ទាប់ពី​ចាប់ខ្លួន លោក​សួន សេរី​រដ្ឋា​ត្រូវបាន​នាំខ្លួន​ទៅ​ស្នងការ​នគរបាល​​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។ ហើយ​សមត្ថកិច្ច​បាន​នាំខ្លួន​លោក សួន សេរី​រដ្ឋា ទៅ​ឆេ​ក​ឆេរ​ផ្ទះ (​ផ្ទះជួល​)​ដែល​ស្ថិតនៅ​សង្កាត់​​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ ដោយបាន​រកឃើញ​វត្ថុតាង​មួយចំនួន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ការចាប់ខ្លួន​លោក​សួន សេរី​រដ្ឋា គឺជា​បទល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​ការសរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ការ​ញុះញង់​កងទ័ព​​មិន​អោយស្តាប់​បញ្ជា ដែលជា​ការប៉ះពាល់​ដល់​កិច្ច​ការពារជាតិ និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​៕ ដោយ​៖​មុនី​រ័ត្ន​-វាសនា